យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបង្កើនសកម្មភាពនៅឯមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា ដែលមានទីតាំងស្ថិតនៅចម្ងាយ ២០០ ទៅ ៣០០គីឡូម៉ែត្រ ពីព្រំដែនជាមួយអ៊ីរ៉ង់ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ ជាបន្ទាន់។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា យន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿង រួមទាំងយន្តហោះចាក់ប្រេងតាមផ្លូវអាកាស KC-135 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 បានហោះចេញពីមូលដ្ឋានទ័ពអាកាស Al Udeid កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍មុន។
មូលដ្ឋានទ័ពអាកាសនេះ មានទីតាំងប្រហែល ៣៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងដូហា របស់កាតា មួយនេះ និងមានទាហានអាមេរិកជាង ១០.០០០នាក់។ ទីតាំងនោះក៏ជាមូលដ្ឋានយោធាមួយក្នុងចំណោមមូលដ្ឋានយោធាធំជាងគេរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានផ្លូវរត់ប្រវែង ៤.៥០០ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកយន្តហោះយោធាធំៗ ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 និងយន្តហោះដឹកជញ្ជូនជាដើម។
នៅថ្ងៃចន្ទ (១២ មករា) ក្រសួងការបរទេសអាមេរិក បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ីរ៉ង់ ជាបន្ទាន់។ ក្នុងការជូនដំណឹងអាសន្នរបស់ខ្លួន ក្រសួងការបរទេសបានស្នើឱ្យពលរដ្ឋអាមេរិក រៀបផែនការចាកចេញដែលមិនពឹងផ្អែកលើជំនួយពីរដ្ឋាភិបាលអាមេរិក និងបានក្រើនរំលឹកដល់អ្នកដែលមិនអាចចាកចេញពីអ៊ីរ៉ង់បាន ឱ្យស្នាក់នៅតំបន់សុវត្ថិភាព និងរក្សាទុករបរប្រើប្រាស់ប្រចាំថ្ងៃដូចជាទឹក ស្បៀងអាហារ និងថ្នាំពេទ្យជាដើម៕

