ប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្កាហ្សា ( Gaza) និងតំបន់ West Bank បាននាំឱ្យមានការស្លាប់ ការចាប់ខ្លួន និងភាពតានតឹងកើនឡើងជាច្រើន ខណៈភាគីទាំងពីររាយការណ៍ពីអំពើហិង្សា និងផលប៉ះពាល់សេដ្ឋកិច្ច។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ១២មករាសប្ដាហ៍នេះ ដោយនិយាយថា ក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងត្បូងតំបន់ហ្កាហ្សានៅថ្ងៃនោះ កងទ័ព IDF បានសម្លាប់ក្រុមសកម្មប្រយុទ្ធ បីនាក់ ដែលបានឆ្លងកាត់ខ្សែបន្ទាត់លឿងនៃបទឈប់បាញ់យោធា។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា កងកម្លាំង IDF នឹងនៅតែដាក់ពង្រាយក្នុងតំបន់នោះ ហើយនឹងបន្តប្រតិបត្តិការដើម្បីលុបបំបាត់ការគំរាមកំហែង។

នៅថ្ងៃដដែលនោះ ក្រសួងមហាផ្ទៃប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោក Mahmoud Al-Astal ប្រធាននាយកដ្ឋានស៊ើបអង្កេតនគរបាលនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ត្រូវបានបាញ់សម្លាប់។ យោងតាមប្រភពព័ត៌មាន លោក Al-Astal គឺជាសមាជិកសំខាន់ម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនៅតំបន់ហ្កាហ្សា ដែលគាំទ្រដោយអ៊ីស្រាអែល បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារកាលពីថ្ងៃចន្ទ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនផ្លូវការកាលពីថ្ងៃចន្ទ កងកម្លាំងអ៊ីស្រាអែលបានបន្តការវាយឆ្មក់នៅទូទាំងតំបន់ជាច្រើននៃដែនដី West Bank និងជុំវិញទីក្រុង ហ្សេរ៉ុយសេឡឹម ដោយចាប់ខ្លួនប្រជាជនប៉ាឡេស្ទីនជាង ២០ នាក់ និងធ្វើឱ្យមនុស្សម្នាក់រងរបួស។ នៅក្នុងតំបន់ខ្លះ កងកម្លាំងអ៊ីស្រាអែលក៏នៅបន្តឆែកឆេរតាមផ្ទះ ដាក់របាំងផ្លូវ និងឈូសឆាយដីស្រែចម្ការផងដែរ។ ទន្ទឹមនឹងនេះ អ្នកតាំងលំនៅជនជាតិជ្វីហ្វអ៊ីស្រាអែលមួយចំនួនធំ ក្រោមការការពាររបស់យោធាអ៊ីស្រាអែល បានចូលទៅក្នុងដីស្រែចម្ការប៉ាឡេស្ទីន បំផ្លាញដើមអូលីវ និងវាយដំអ្នកគង្វាលចៀមប៉ាឡេស្ទីន ខណៈព្យាយាមចាប់យកសត្វ ដែលនាំឱ្យមានការប៉ះទង្គិចជាមួយក្រុមអ្នកស្រុកក្នុងតំបន់ទាំងនោះ៕
