រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥កន្លងទៅ បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ឬហៅថា អាសិប (RCEP) ដែលជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជា បានរួមចំណែកជិត ៦២% នៃទំហំពាណិជ្ជកម្មទាំងមូលរបស់កម្ពុជា ដែលការណ៍នេះបាននាំឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេស RCEP កើនដល់ជាង ៤០ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលផ្តួចផ្តើមឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ប្រទេស ក្នុងនោះ ១០ប្រទេស គឺជាសមាជិកអាស៊ាន និងចំនួន ៥ ផ្សេងទៀត រួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារកាលពីពេលកន្លងទៅ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពាណិជ្ជកម្មរបស់កម្ពុជានៅតែរក្សាបានសន្ទុះរឹងមាំ ទោះបីជា សេដ្ឋកិច្ចពិពភលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយការប្រទាញប្រទង់ផ្នែកភូមិសាស្រ្តនិយោបាយ ការបែកខ្ញែកពាណិជ្ជកម្មសាកល ដោយមានការងើបឡើងវិញនៃនិន្នការឯកតោភាគីនិយម និងការផ្ទុះឡើងនូវជម្លោះព្រំដែនក៏ដោយ។
លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កម្ពុជាបានពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសដែលជាសមាជិកនៃ អាសិប ដែលមានទឹកប្រាក់ ៤០,២០ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទំហំ ៩,៨០ពាន់លានដុល្លារ កើនឡើង ៧,០១% បើធៀបនឹងឆ្នាំ២០២៤។ លោកជំទាវ បានបន្តថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំ និងដឹកនាំចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសាកលលោក និងធ្វើនូវពិពិធកម្មទីផ្សារនាំចេញ-នាំចូល។ ព្រមទាំងបន្តអនុវត្តនូវអភិក្រម ពង្រឹងទីផ្សាចាស់ ពង្រីកទីផ្សារថ្មី ដោយប្រកាន់ភ្ជាប់នូវការពង្រឹងពហុភាគី ឈរលើគោលការណ៍ច្បាប់ និងទីផ្សារបើកចំហរដែលផ្តល់នូវភាពប្រកដប្រជា អាចពន្យាករណ៍បាន តម្លាភាព បរិយាប័ន និងភាពប្រកួតប្រជែងស្មើគ្នាដោយពុំមានការរើសអើង។
បើយោងតាមរបាយការណ៍ដដែល ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាបានកើនដល់ ៦៥,២៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី


