ប្រទេសបារាំង បានចាប់ផ្តើមយុទ្ធនាការមួយកាលពីថ្ងៃចន្ទ ដើម្បីជ្រើសរើសយុវជនសម្រាប់កម្មវិធីចូលបម្រើយោធាដោយស្ម័គ្រចិត្ត។ រឿងនេះកើតឡើងក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសរុស្ស៊ី។ កម្មវិធីនេះ ផ្តោតលើប្រជាជនវ័យក្មេង ជាពិសេសអ្នកទាំងឡាយដែលមានអាយុ១៨ និង១៩ឆ្នាំ ដែលត្រូវបានដាក់ចេញនៅឆ្នាំនេះ។ ប្រទេសបារាំង មានគោលបំណងជំរុញការការពារជាតិ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្ត។
រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកស្រី Catherine Vautrin បាននិយាយថា យុវជនបារាំង មានឆន្ទៈចង់បម្រើការងារនេះ។ លោកស្រី និយាយថា ជំនាន់ថ្មីបានត្រៀមរួចរាល់ដើម្បីក្រោកឈរឡើងសម្រាប់ប្រទេសរបស់ពួកគេ។

ក្រសួងការពារជាតិ និយាយថា អ្នកស្ម័គ្រចិត្តនឹងបម្រើការងាររយៈពេល១០ខែនៅលើទឹកដីបារាំង ទាំងនៅក្នុងប្រទេសបារាំង និងនៅបរទេស។
កម្មវិធីនេះនឹងចាប់ផ្តើមដោយមានអ្នកស្ម័គ្រចិត្តប្រហែល៣.០០០នាក់នៅឆ្នាំនេះ។ ក្រោយមក នឹងកើនឡើងបន្តិចម្តងៗដល់ជាង៤០.០០០នាក់នៅឆ្នាំ២០៣៥។
ខណៈជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចំណាប់អារម្មណ៍របស់យុវជនបារាំងក្នុងការបម្រើយោធានិងការពារជាតិ ក្រសួងការពារជាតិផ្តល់ឱ្យពួកគេនូវឱកាសដើម្បីទទួលយកបទពិសោធន៍សកម្មភាពយោធា រួមទាំងការធ្វើសមយុទ្ធបាញ់ដោយកាំភ្លើងសិប្បនិម្មិត។
