គុយបាប្រឈមនឹងលទ្ធភាពដែលអាចកើតមានវិបត្តិមនុស្សធម៌ និងការដួលរលំដ៏វឹកវរនៃរដ្ឋាភិបាលរបស់ប្រទេសនេះ ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងធ្វើឲ្យកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ ខ្វះប្រេងឥន្ធនៈ និងហិរញ្ញប្បទានដ៏សំខាន់។
អ្នកការទូត នៅទីក្រុងហាវ៉ាណារបស់គុយបាយ ដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារក្ដីបារម្ភពីការសងសឹក បានពិពណ៌នាអំពីអ្វីដែលពួកគេកំពុងឃើញជាក់ស្ដែងថា ជាវិបត្តិថាមពលកំពុងកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរឡើងៗ ដោយកំពង់ផែអាចលែងដំណើរការ ដែលបង្កឲ្យមានកង្វះខាតស្បៀងអាហារយ៉ាងធំ។

យោងតាមការវាយតម្លៃ ដែលត្រូវបានឃើញដោយសារព័ត៌មាន Bloomberg បានបង្ហាញថា ប្រទេសនេះកំពុងស្ថិតនៅលើមាត់ជ្រោះនៃគ្រោះមហន្តរាយដែលខ្លួនមិនមានសមត្ថភាពក្នុងការដោះស្រាយ ជាអ្វីដែលអ្នកការទូតបានសង្កត់ធ្ងន់ថា អាចបង្កឲ្យមានការដួលរលំរដ្ឋាភិបាលគុយបា។
របាយការណ៍របស់អ្នកការទូតអឺរ៉ុបនេះ បានលើកឡើងពីការរំពឹងទុក ដែលថា គុយបាអាចជាដូមីណូបន្ទាប់ដែលដួលរលំ បន្ទាប់ពីមានការចាប់ខ្លួនអតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដោយរដ្ឋបាលរបស់លោក Trump។ អ្នកការទូតទាំងនោះបានបន្ថែមថា ប្រជាជនគុយបា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល។
សូម្បីតែនៅមុនពេលកងកម្លាំងពិសេសអាមេរិក ទម្លាក់លោក Maduro ចេញពីអំណាច ក៏មានការដាច់ចរន្តអគ្គិសនី នៅទូទាំងប្រទេស ដែលបានប៉ះពាល់ដល់ការដឹកជញ្ជូនទឹក ការប្រមូលសំរាម និងប្រព័ន្ធវេជ្ជសាស្ត្ររួចទៅហើយ។
ភ្លាមៗបន្ទាប់ពីមានការវាយឆ្មក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នេះ នៅទីក្រុងការ៉ាកាស លោក Trump បានលើកឡើងថា របបនៅទីក្រុង Havana អាចនឹង «ដួលរលំដោយជម្រើសផ្ទាល់ខ្លួន» ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែកាលពីថ្ងៃទី១១ ខែមករា ប្រធានាធិបតីអាមេរិកបានបង្ហាញសញ្ញាថា លោកនឹងបន្ថែមសម្ពាធលើគុយបាទៀត៕

