ប្រទេសសហភាពអឺរ៉ុបមានទស្សនៈខុសៗគ្នាលើការទិញអាវុធសម្រាប់អ៊ុយក្រែនក្នុងកញ្ចប់ថវិកាចំនួន ៩០ ពាន់លានអឺរ៉ូ ដោយរដ្ឋមួយចំនួនគាំទ្រការទិញអាវុធរបស់សហរដ្ឋអាមេរិក និងរដ្ឋផ្សេងទៀតអំពាវនាវឲ្យ ផ្តល់អាទិភាពដល់ផលិតផលអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានPolitico។
នៅក្នុងកិច្ចប្រជុំកំពូលខែធ្នូ ឆ្នាំ ២០២៥ មេដឹកនាំសហភាពអឺរ៉ុបបានសម្រេចចិត្តបែងចែកថវិកាចំនួន ៩០ ពាន់លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែន។ ជាងពីរភាគបីនៃចំនួនទឹកប្រាក់នេះ ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើការចំណាយទៅលើយោធា។ កាសែត Politico បានកត់សម្គាល់ថា គណៈកម្មការអឺរ៉ុប ត្រូវបានកំណត់ឲ្យបង្ហាញផែនការមួយនៅថ្ងៃពុធ សម្រាប់ការអនុវត្តកញ្ចប់ជំនួយនេះ។ ប្រទេសសហភាពអឺរ៉ុបភាគច្រើនជឿថា ទីក្រុងគីវ គួរតែមានសេរីភាពកាន់តែច្រើនក្នុងការសម្រេចចិត្តថាតើអាវុធណាដែលខ្លួនត្រូវការក្រោមគម្រោងនេះ។ កាសែតនេះ បានរាយការណ៍ ដោយដកស្រង់ប្រភពថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសបារាំង ក្រិក និងកោះស៊ីប ជឿថា ក្រុមហ៊ុនសហភាពអឺរ៉ុប គួរតែទទួលបានកិច្ចសន្យាទាំងនេះ។

Politico បានដកស្រង់លិខិតមួយច្បាប់របស់រដ្ឋាភិបាលហូឡង់ដែលផ្ញើទៅកាន់ប្រទេសសហភាពអឺរ៉ុបផ្សេងទៀតថា៖អ៊ុយក្រែនក៏ត្រូវការឧបករណ៍ដែលផលិតដោយប្រទេសទីបីជាបន្ទាន់ផងដែរ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធស្ទាក់ចាប់ដែលផលិតដោយសហរដ្ឋអាមេរិក គ្រាប់រំសេវ និងគ្រឿងបន្លាស់យន្តហោះចម្បាំង F-16 និងអាវុធវាយប្រហារគោលដៅដែលមានភាពជាក់លាក់កម្រិតខ្ពស់។
អាជ្ញាធរហូឡង់ស្នើឲ្យកំណត់យ៉ាងហោចណាស់ ១៥ ពាន់លានដុល្លារពីចំនួនទឹកប្រាក់នេះ ដើម្បីទិញអាវុធពីប្រទេសទី ៣ ដោយសារតែក្រុមហ៊ុនផលិតអឺរ៉ុបមិនអាចផ្តល់ជូនអ៊ុយក្រែននូវអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការបានទាន់ពេលវេលានោះទេ។ ឯកសារនេះបានបញ្ជាក់ថា៖«ឧស្សាហកម្មការពារជាតិរបស់សហភាពអឺរ៉ុបបច្ចុប្បន្ន មិនអាចផលិតប្រព័ន្ធសមមូល ឬធ្វើដូច្នេះក្នុងរយៈពេលដែលត្រូវការបានទេ»៕
