កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា រថក្រោះអ៊ីស្រាអែល បានបាញ់ផ្លោងនៅជិតកងរក្សាសន្តិភាព នៅភាគខាងត្បូងប្រទេសលីបង់ ដោយហៅសកម្មភាពនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខUN។
UNIFIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងរក្សាសន្តិភាព បានសង្កេតឃើញរថក្រោះ Merkava អ៊ីស្រាអែលចំនួន ពីរគ្រឿង កំពុងផ្លាស់ទីពីទីតាំងកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងទឹកដីលីបង់ជិតទីក្រុង Sarda ចូលទៅក្នុងប្រទេសនេះ កាលពីព្រឹកថ្ងៃចន្ទ។ បើទោះបីជាមានសំណើរបស់កងរក្សាសន្តិភាពតាមរយៈបណ្តាញទំនាក់ទំនង ដើម្បីបញ្ឈប់សកម្មភាពក៏ដោយ រថក្រោះអ៊ីស្រាអែលមួយគ្រឿង បានបាញ់ផ្លោងចំនួន បីគ្រាប់ ដោយពីរគ្រាប់ធ្លាក់នៅចម្ងាយប្រហែល ១៥០ម៉ែត្រ ពីកងរក្សាសន្តិ ភាព។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា នៅពេលដែលបុគ្គលិកអង្គការសហប្រជាជាតិ ដកថយ ដើម្បីសុវត្ថិភាព ពួកគេត្រូវបានតាមដានជាបន្តបន្ទាប់ដោយឡាស៊ែរពីរថក្រោះ។ រថក្រោះបានដកថយប្រហែល ៣០ នាទីក្រោយមក ហើយពុំមានអ្នករងរបួស ត្រូវបានរាយការណ៍ទេ។
UNIFIL បាននិយាយថា ខ្លួនបានជូនដំណឹងដល់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ជាមុនអំពីសកម្មភាព នៅក្នុងតំបន់នោះ ស្របតាមនីតិវិធីស្តង់ដាសម្រាប់ការល្បាតនៅជិតខ្សែបន្ទាត់ខៀវ ហើយការវាយប្រហារបែបនេះទៅលើកងកម្លាំងរក្សាសន្តិភាពដែលអាចកំណត់អត្តសញ្ញាណបាន កំពុងធ្វើកាន់តែខ្លាំងឡើង។
UNIFIL បានអំពាវនាវដល់ IDF ឲ្យធានាសុវត្ថិភាពរបស់កងកម្លាំងរក្សាសន្តិភាព និងបញ្ឈប់ការវាយប្រហារលើពួកគេ ដោយកត់សម្គាល់ថា សកម្មភាពបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់៕
