ជនប៉ាឡេស្ទីន ៨នាក់ បានស្លាប់នៅតំបន់ហ្កាហ្សា ស្របពេលព្យុះថ្មីនាំមកជាមួយអាកាសធាតុត្រជាក់ខ្លាំង បង្កទុក្ខលំបាកបន្ថែមទៀតដល់មនុស្សរាប់ម៉ឺននាក់រស់នៅក្នុងសំពត់តង់ ហើយនិងបណ្តាលឲ្យមានខ្យល់បក់ខ្លាំង នាំឲ្យបាក់អគារដែលរងការខូចខាតរួចទៅហើយដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងសង្រ្គាមប្រល័យពូជសាសន៍របស់ពួកគេ ក្នុងដែនដីមួយនេះ។
អ៊ីស្រាអែលបន្តបិទច្រកសម្រាប់ជំនួយមនុស្សធម៌ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ សម្រាប់ទីជម្រក ជាការបំពានលើបទឈប់បាញ់ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ។
អ្នកនាំពាក្យក្រុមការពារជនស៊ីវិលហ្កាហ្សា និយាយប្រាប់កាសែត Al Jazeera នាថ្ងៃអង្គារនេះថា មនុស្សស្លាប់ ៤នាក់ ត្រូវបានរកឃើញ ដោយសារអាកាសធាតុត្រជាក់ ។

ប្រភពនៅមន្ទីរពេទ្យ Al-Aqsa Martyrs ស្ថិតក្នុងទីក្រុងភាគកណ្តាល Deir el-Balahបានឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលមានអាយុ ១ឆ្នាំ បានស្លាប់នៅក្នុងសំពត់តង់ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
លោក James Elder គឺជាអ្នកនាំពាក្យមូលនិធិកុមារអន្តរជាតិ(UNICEF)និយាយនៅថ្ងៃអង្គារនេះដែរថា ពួកយើងមានក្មេងៗស្លាប់ដោយសារការថយចុះកម្តៅជាថ្មីម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ បច្ចុប្បន្ន ពួកយើងមានក្មេងៗស្លាប់ចំនួន ៦នាក់ ដោយសារការថយចុះកម្តៅ ក្នុងរដូវរងានេះ ។
ដោយឡែក ក្រុមមន្រ្តី និងក្រុមការពារជនស៊ីវិលនៅមន្ទីរពេទ្យ al-Shifa និយាយថា ជនប៉ាឡេស្ទីន ៤នាក់ផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍អគារបាក់ អំឡុងពេលព្យុះ ៕
