ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (១៣ មករា) ថា លោកគិតថា ប្រទេសចិន អាចបើកទីផ្សាររបស់ខ្លួនចំពោះទំនិញអាមេរិក ដោយអះអាងជាថ្មីម្តងទៀតថា លោកមានទំនាក់ទំនងល្អណាស់ជាមួយមេដឹកនាំចិន លោក Xi Jinping ស្របពេលភាពតានតឹងពាណិជ្ជកម្មហាក់កម្រើកឡើងជាថ្មី ក្រោយលោក Trump ប្រកាសដាក់ពន្ធលើដៃគូពាណិជ្ជកម្មអ៊ីរ៉ង់។

នៅពេលសួរថា តើលោកគិតថាទីផ្សារចិន អាចបើកចំហសម្រាប់ទំនិញអាមេរិក ដែរឬទេ លោក Trump បាននិយាយថា «លោកគិតថារឿងនេះនឹងកើតឡើង» ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានទំនាក់ទំនងតានតឹងអស់ជាច្រើនឆ្នាំមកហើយ លើបញ្ហាដូចជា ពន្ធពាណិជ្ជកម្ម ប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ និងគោលនយោបាយចំពោះកោះតៃវ៉ាន់ ទីក្រុងហុងកុង រួមទាំងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនជាដើម។ បន្ថែមពីលើបញ្ហាទាំងនេះ លោក Trump កាលពីថ្ងៃចន្ទ បានគំរាមដាក់ពន្ធគយ ២៥% លើបណ្ដាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដោយប្រថុយនឹងការបើកកកាយស្នាមរបួសចាស់ឡើងវិញជាមួយទីក្រុងប៉េកាំង ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទីក្រុងតេអេរ៉ង់។

ចិន បានរិះគន់ខ្លាំងៗការគំរាមកំហែងពន្ធគយនេះ ហើយប្ដេជ្ញាការពារផលប្រយោជន៍របស់ខ្លួន ដោយបញ្ជាក់ជាថ្មីថា ពុំមានអ្នកឈ្នះក្នុងសង្គ្រាមពន្ធនោះទេ។ ចំណែកលោក Trump ក៏មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់លោកក្នុងការដាក់ពន្ធលើប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់នេះដែរ ខណៈបច្ចុប្បន្ន អ៊ីរ៉ង់កំពុងមើលឃើញបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ និងក្ដៅគគុក៕
