អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃអង្គារ (១៣ មករា) ថា លោកសន្មត់ថា ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ កំពុងតែស្ថិតនៅក្នុងរយៈពេល «ប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ចុងក្រោយ» របស់ខ្លួនទៅហើយ ខណៈដែលប្រទេសនេះ ប្រឈមមុខនឹងការតវ៉ាយ៉ាងទូលំទូលាយបំផុត។

បាតុកម្មក្នុងប្រទេសអ៊ីរ៉ង់ បានវិវត្តន៍ពីការត្អូញត្អែរទុក្ខលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រហូតក្លាយជាការអំពាវនាវឱ្យផ្តួលរំលំស្ថាប័នកាន់អំណាចបែបសាសនាក្នុងសាធារណរដ្ឋអ៊ិស្លាមមួយនេះ ជាមួយនឹងការស្លាប់រាប់ពាន់នាក់។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅឥណ្ឌា លោក Merz បាននិយាយថា «លោកសន្មតថា គ្រប់គ្នាកំពុងមើលឃើញរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ចុងក្រោយហើយនៃរបបនេះ» ដោយចោទសួរអំពីភាពស្របច្បាប់របស់ថ្នាក់ដឹកនាំអ៊ីរ៉ង់។

លោកបន្តថា «នៅពេលដែលរបបមួយអាចរក្សាអំណាចបានតែតាមរយៈអំពើហិង្សា នោះរបបមួយនោះគឺស្ថិតនៅទីបញ្ចប់របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ឥឡូវនេះ ប្រជាជនកំពុងងើបឡើងប្រឆាំងនឹងរបបនេះ»។ លោក Merz សង្កត់ធ្ងន់ថា អាល្លឺម៉ង់ កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអឺរ៉ុបដទៃទៀត លើស្ថានភាពនៅអ៊ីរ៉ង់ ហើយបានជំរុញឱ្យទីក្រុងតេអេរ៉ង់ បញ្ចប់ការបង្ក្រាបដ៏កាចសាហាវរបស់ខ្លួនលើក្រុមបាតុករ៕