ក្រុមប្រឹក្សាការពារជាតិ ដែលទើបបង្កើតថ្មីរបស់ប្រទេសអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារ (១៣ មករា) ថា ទីក្រុងតេអេរ៉ង់ អាចឆ្លើយតបមុនពេលមានការវាយប្រហារ ប្រសិនបើខ្លួនរកឃើញសញ្ញាច្បាស់លាស់នៃការគំរាមកំហែង នៅក្នុងជំហរមួយដែលលើកឡើងដោយប្រយោលនូវលទ្ធភាពនៃចំណាត់ការបង្ការទុកជាមុន ស្របពេលភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រុមប្រឹក្សានេះបាននិយាយថា ការចោទប្រកាន់ និងសុន្ទរកថាអំពីអន្តរាគមន៍សំដៅទៅអ៊ីរ៉ង់ អាចត្រូវបានចាត់ទុកថាជាសកម្មភាពអរិភាព ប្រសិនបើជ្រុលហួសលើសពីវោហាសាស្ត្រ។
សេចក្តីថ្លែងការណ៍នោះបន្តថា សន្តិសុខ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ បង្កើតបានជាបន្ទាត់ក្រហមមួយដែលមិនអាចឆ្លងកាត់បានឡើយ ហើយព្រមានថា អាកប្បកិរិយាអរិភាពដែលបន្តកើតមាន នឹងជំរុញឱ្យមានការឆ្លើយតប។
ក្រុមប្រឹក្សាការពារជាតិមួយនេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃ ក្នុងខែមិថុនា ឆ្នាំមុន តាមបញ្ជារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ ការព្រមាននេះ កើតឡើងស្របពេលការតវ៉ា ដែលបានបន្តនៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយក្រុមមន្ត្រីជាន់ខ្ពស់ទីក្រុងតេអេរ៉ង់ បានចោទទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ថាជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់៕

