ភ្នំពេញ៖ ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund - GCF) និងភាពជាដៃគូ សកលសម្រាប់ការអប់រំ (Global Partnership for Education- GPE) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមគម្រោងដែលមានឈ្មោះថា BRACE ដែលជាគំនិតផ្តួច ផ្តើមមួយដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនៅក្នុងវិស័យអប់រំនៅកម្ពុជា។ ក្នុងខណៈពេលដែលប្រទេស កម្ពុជាប្រឈមមុខកាន់តែខ្លាំងនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងរលកកំដៅ វិស័យអប់រំស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុទាំងនេះ។
គម្រោង BRACE នឹងនាំមកនូវលទ្ធផលជាវិជ្ជមាន ដល់សាលាបឋមសិក្សាចំនួន២៤០ ក្នុងខេត្តគោលដៅចំនួនបី រួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងខេត្តកោះកុង តាមរយៈកិច្ចអន្តរាគមន៍ ជួយឱ្យសាលារៀនគោលដៅ រិតតែមានសុវត្ថិភាព ធន់នឹងឥទ្ធិពលនែការប្រែប្រួលអាកាសធាតុ។
សូមអរគុណចំពោះការវិនិយោគពីមូលនិធិ Green Climate Fund (GCF) និង Global Partnership for Education (GPE) លើគម្រោង BRACE ដែលនឹងដើរតួជាខែលការពារដ៏សំខាន់ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនេះ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាលារៀនដែលងាយរងគ្រោះ ដូចជា៖
− ការបំពាក់នូវឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធផ្តល់ធាតុត្រជាក់
− ការកែលម្អបរិក្ខាអនាម័យ (WASH) ដែលធន់នឹងទឹកជំនន់
− ការគាំទ្រដល់សិស្សានុសិស្ស និងគ្រូបង្រៀនជាង ៣៩២,០០០ នាក់ (បីរយកៅសិបពីរពាន់នាក់) ឱ្យមានលទ្ធភាពបន្តការសិក្សាដោយសុវត្ថិភាព និងមិនមានក្តីបារម្មណ៍ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោង BRACE នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបនឹងការទទួលបានការគាំទ្រថវិកាពីមូលនិធិធំៗចំនួន ០២ សម្រាប់ការប្រែប្រួលអាកាសធាតុ និងការអប់រំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា៖ “ការដាក់ឱ្យអនុវត្តគម្រោង BRACE មានគោលដៅធានាសុវត្ថិភាពសិក្សា និងអនាគតល្អប្រសើរដល់កុមារកម្ពុជា ។ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បោះជំហានជាប្រវត្តិសាស្ត្រ។ តាមរយៈការបើកដំណើរការគម្រោង BRACE យើងមិនគ្រាន់តែជួយជួសជុលអគារប៉ុណ្ណោះទេ យើងបាននិងកំពុងរក្សានូវការសន្យារបស់យើងចំពោះកុមារគ្រប់ៗរូបថា សុវត្ថិភាព និងអនាគតរបស់ពួកគេគឺជាអាទិភាពចម្បង។ គម្រោងនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ទៅកាន់សង្គមដែលមានភាពធន់ និងផ្អែកលើចំណេះដឹង ដែលគ្មានសិស្សណាម្នាក់ត្រូវបានទុកចោល ដោយឥទ្ធិពលពីបរិស្ថាននោះទេ " ។
បន្ថែមលើសពីការធ្វើឱ្យប្រសើរឡើងផ្នែករូបវ័ន្ត គម្រោងនេះ មានរួមបញ្ចូលមេរៀនស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាជាតិ និងផ្តល់ឱកាសដល់ក្លឹបដែលដឹកនាំដោយសិស្ស ដើម្បីជំរុញសកម្មភាពបរិស្ថានក្នុងតំបន់។ ម៉្យាងវិញទៀត គម្រោងបង្កើតប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលភ្ជាប់សាលារៀនទៅសហគមន៍ ធានាបាននូវការឆ្លើយតបឆាប់រហ័ស ចំពោះគ្រោះអាសន្ន។ លើសពីនេះ គម្រោងនេះនឹងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានអាកាសធាតុ និងលើកកម្ពស់ការបង្កើតភស្តុតាង និងការចែករំលែកចំណេះដឹង ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យអប់រំជាសកល។
លោកស្រី Sarah Beardmore មន្ត្រីដឹកនាំក្រុមភាពជាដៃគូយុទ្ធសាស្ត្រ និងសមត្ថភាពរបស់ GPE បានបង្ហាញថា "ការគាំទ្រដល់កុមារ ឱ្យទទួលបានការអប់រំដោយមិនមានការរំខាន គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍ និងភាពជោគជ័យរបស់ពួកគេ ហើយសាលារៀនក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុផងដែរ ។ តាមរយៈការគាំទ្រយ៉ាងសកម្មដល់កុមារឱ្យចូលរួមក្នុងការវាយតម្លៃហានិភ័យ និងលំហាត់សមយុទ្ធនៅតាមសាលារៀន និងសហគមន៍ ស្វែងយល់អំពីការប្រែប្រួលអាកាសធាតុតាមរយៈកម្មវិធីសិក្សា និងកែលម្អលទ្ធភាពទទួលបានប្រព័ន្ធប្រកាសឱ្យដឹងជាមុន។ គម្រោង BRACE នឹងពង្រឹងភាពធន់និងអាកាសធាតុនៅកម្រិតសហគមន៍ ។ ការវិនិយោគលើសមត្ថភាពពីមូលនិធិ Green Climate Fund (GCF) និង Global Partnership for Education (GPE) នឹងគាំទ្រដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នូវប្រព័ន្ធអប់រំដែលធន់នឹងវិបត្តិអាកាសធាតុ ជាមួយនឹងអត្ថប្រយោជន៍ ដ៏ទូលំទូលាយ សម្រាប់ប្រទេសដែលបានគូសបញ្ជាក់នៅក្នុង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC) ។"
លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ “ការប្រែប្រួលអាកាសធាតុ បាននឹងកំពុងជះឥទ្ធិពលដល់សាលារៀន សហគមន៍ និងគន្លងអភិវឌ្ឍន៍របស់កម្ពុជារួចទៅហើយ។ ការដាក់ឱ្យអនុវត្តគម្រោង BRACE នៅកម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុតាមរយៈវិស័យអប់រំ។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children គម្រោង BRACE ជួយប្រែក្លាយអាទិភាពអាកាសធាតុថ្នាក់ជាតិ រួមទាំង ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា (NDC3.0) និង ផែនការ យុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឱ្យទៅជាសកម្មភាពជាក់ស្តែង ដែលការពារការសិក្សារៀនសូត្រ និងកសាងភាពធន់រយៈពេលវែងសម្រាប់កុមារ និងសហគមន៍។”
លោក ហុង រស្មី នាយកប្រចាំប្រទេសអង្គការ Save the Children នៅកម្ពុជា បានមានប្រសាសន៍ថា "អស់ រយៈពេលជាយូរមកហើយ ដែលអាកាសធាតុមិនអំណោយផលខ្លាំង បានរំខានដល់ក្តីសុបិន្តរបស់កុមារកម្ពុជា។ ក្រោមជំនួយឧបត្ថម្ភថវិកាពី GCF គម្រោង BRACE ផ្លាស់ប្តូរនិទានកថា ពីភាពងាយរងគ្រោះទៅជាការពង្រឹងសមត្ថភាព។ យើងមានមោទកភាពក្នុងការបំពេញការងារជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា សាលារៀនមិនត្រឹមតែមានសុវត្ថិភាពពីខ្យល់ព្យុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅពេលដែលយើងវិនិយោគលើសាលារៀនដែលមានភាពធន់ មានន័យថាយើងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានភាពធន់ផងដែរ។"
គម្រោងដែលមានរយៈពេល ៥ឆ្នាំនេះ សម្រេចទៅបានតាមរយៈកិច្ចសហការរវាង Green Climate Fund (GCF) និង Global Partnership for Education (GPE) រួមជាមួយហិរញ្ញប្បទានបន្ថែមពីអង្គការយូនីសេហ្វ (UNICEF) និងធនាគារពិភពលោក (World Bank)។ ការវិនិយោគទាំងនេះ នឹងធានាបាននូវការអប់រំដែលមិនមានការរំខាន និងអនាគតកាន់តែប្រសើរសម្រាប់កុមារកម្ពុជា។



