អាជ្ញាធរប៉ាឡេស្ទីន បានឱ្យដឹងថា ការស្លាប់ដែលបណ្តាលមកពីភាពត្រជាក់ខ្លាំងពេកនៅក្នុងតំបន់ហ្កាហ្សា បានកើនឡើងដល់ ២៤នាក់ ទៅហើយ រួមទាំងកុមារ ២១នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់អ៊ីស្រាអែល នៅក្នុងខែតុលា ឆ្នាំ២០២៣ មក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្កាហ្សា បាននិយាយថា កុមារចំនួន ៧នាក់ បានស្លាប់បន្ថែមទៀត ចាប់តាំងពីដើមរដូវរងាបច្ចុប្បន្ន ដោយសារតែស្ថានភាពត្រជាក់ខ្លាំង ដែលធ្វើឱ្យចំនួនសរុបនៃអ្នករងាដល់ស្លាប់ កើនឡើងដល់ ២៤នាក់ គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។
ក្រៅពីសីតុណ្ហភាពដ៏កំណាចនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្កាហ្សា ក៏បានរាយការណ៍ថា តង់ប្រហែល ៧ពាន់សម្រាប់ របស់ជនភៀសខ្លួន ត្រូវបានបំផ្លិចបំផ្លាញដោយប្រព័ន្ធសម្ពាធទាប ដែលកំពុងវាយប្រហារតំបន់ហ៊ុមព័ទ្ធនេះ។
ការិយាល័យនេះបានព្រមានអំពី «ផលវិបាកមនុស្សធម៌ដ៏មហន្តរាយ» ស្របពេលដែលសីតុណ្ហភាពត្រជាក់បានវិលត្រឡប់ទៅតំបន់ហ្កាហ្សាវិញ ស្របពេលមានការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការបិទផ្លូវជំនួយ ដែលបានបំផ្លាញផ្ទះសម្បែងយ៉ាងទូលំទូលាយ និងបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជាង ១,៥លាននាក់ ចូលទៅក្នុងជំរំភៀសខ្លួនដ៏លំបាកបំផុត៕

