រដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ មករា) បានបើកភ្លើងខៀវជាផ្លូវការដល់ការលក់បន្ទះឈីបប្រភេទ H200 ពីក្រុមហ៊ុនអាមេរិក Nvidia ទៅកាន់ប្រទេសចិន ដែលជាបន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតទីពីរ ដោយដាក់ចេញនូវលក្ខខណ្ឌមួយ ដែលទំនងជានឹងជំរុញការដឹកជញ្ជូនឈីបប្រភេទនេះ។
យោងតាមបទប្បញ្ញត្តិបានឱ្យដឹងថា បន្ទះឈីបទាំងនេះ នឹងត្រូវត្រួតពិនិត្យដោយមន្ទីរពិសោធន៍សាកល្បងភាគីទីបី ដើម្បីបញ្ជាក់ពីសមត្ថភាពបច្ចេកទេស AI របស់ឈីប មុនពេលអាចដឹកជញ្ជូនទៅកាន់ប្រទេសចិនបាន ហើយចិន មិនអាចទទួលបានលើសពី ៥០% នៃចំនួនបន្ទះឈីបសរុប ដែលបានលក់ទៅឱ្យអតិថិជនអាមេរិកនោះទេ។

លក្ខខណ្ឌមួយចំនួនទៀតមានដូចជា ក្រុមហ៊ុន Nvidia នឹងត្រូវបញ្ជាក់ថា មានបន្ទះឈីប H200 គ្រប់គ្រាន់នៅសហរដ្ឋអាមេរិក ខណៈអតិថិជនចិន ក៏ត្រូវតែបង្ហាញពី "នីតិវិធីសុវត្ថិភាពគ្រប់គ្រាន់" ហើយមិនអាចប្រើប្រាស់បន្ទះឈីបនេះសម្រាប់គោលបំណងយោធាបានទេ។
លោក Trump បានប្រកាសកាលពីខែមុនថា លោកនឹងអនុញ្ញាតឱ្យមានការលក់បន្ទះឈីបដែលមិនសូវទំនើបនេះ ជាថ្នូរនឹងថ្លៃសេវា ២៥% សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាចិន បានដាក់ការបញ្ជាទិញបន្ទះឈីប H200 នេះ ជាង ២លានបន្ទះ ក្នុងតម្លៃប្រហែល ២៧.០០០ដុល្លារក្នុងមួយបន្ទះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីខែធ្នូ កន្លងទៅ៕

