កាលពីថ្ងៃអង្គារ (ទី១៣ ខែមករា ឆ្នាំ២០២៦) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យផ្ដល់សិទ្ធិដោយគ្មានការរឹតត្បិត និងសុវត្ថិភាពចូលទៅកាន់គ្រប់តំបន់ទាំងអស់នៃប្រទេសស៊ូដង់ ដើម្បីឲ្យមានលទ្ធភាពទទួលបានសេវាសុខភាពឡើងវិញ ខណៈដែលភ្លើងសង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះ បានឆាបឆេះលើសពី ១.០០០ថ្ងៃហើយ។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Tedros Adhanom Ghebreyesus បាននិយាយថា៖ «អង្គការសុខភាពពិភពលោក (WHO) អំពាវនាវឲ្យផ្ដល់សិទ្ធិដោយគ្មានការរឹតត្បិត និងសុវត្ថិភាពចូលទៅកាន់គ្រប់តំបន់ទាំងអស់នៃប្រទេសស៊ូដង់ ដើម្បីឲ្យមានលទ្ធភាពទទួលបានសេវាសុខភាពឡើងវិញ»។

ជាមួយគ្នានេះ លោកបានព្រមានថា អំពើហិង្សាបន្តមានឥតដាច់ បានបំផ្លិចបំផ្លាញប្រទេសនេះ។ ហើយលោកបានបញ្ជាក់ថា «ថ្ងៃសុក្រសប្តាហ៍មុន គឺជាពេលវេលាគ្រប់ ១.០០០ថ្ងៃនៃសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ូដង់។ អំពើហិង្សាបន្តមានឥតឈប់ជិត ៣ឆ្នាំ បានប្រែក្លាយប្រទេសស៊ូដង់ទៅជាទីកន្លែងនៃវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក»។
យោងតាមលោក Tedros បានឲ្យដឹងទៀតថា មនុស្សប្រមាណ ៣៣,៧លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំនេះ ខណៈដែល ១៣,៦លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដែលធ្វើឲ្យប្រទេសស៊ូដង់មាន «វិបត្តិបម្លាស់ទីលំនៅដ៏ធំបំផុត» របស់ពិភពលោក។
ហើយលោកបានសង្កត់ធ្ងន់ថា ស្ថានភាពរស់នៅមិនល្អ ចង្អៀតខ្លាំង កង្វះលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ ហើយនិងការផ្អាកចាក់វ៉ាក់សាំង កំពុងជំរុញឲ្យមានការផ្ទុះឡើងនូវជំងឺផ្សេងៗ៕


