រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabelloបាននិយាយថា គ្រឿងញៀនជាង ៧ តោន ត្រូវបានរឹបអូស នៅក្នុងប្រទេសនេះ ចាប់តាំងពីដើមឆ្នាំនេះ។
យោងតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា កញ្ឆាចំនួន ៦.៨៥០គីឡូក្រាម និងកូកាអ៊ីនចំនួន ៩១គីឡូក្រាម ត្រូវបានរឹបអូស នៅក្នុងប្រតិបត្តិការពិសេសមួយ នៅក្នុងរដ្ឋ Zulia ដែលមានព្រំប្រទល់ជាប់ប្រទេសកូឡុំប៊ីកាលពីថ្ងៃទី ០៥ ខែមករា។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ Venezolana de Television ថា៖«ចំណាត់ការនេះ ច្រានចោលការចោទប្រកាន់ថា ប្រទេសវ៉េណេស៊ុយអេឡា បានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀនខុសច្បាប់។ គ្មានកូកាអ៊ីន កញ្ឆា ឬគ្រឿងញៀនផ្សេងទៀតដែលរដ្ឋអាចរឹបអូសបាននឹងឆ្លងកាត់ទីនេះទេ»។
លោកបានរំលឹកថា នៅឆ្នាំ ២០២៥ រចនាសម្ព័ន្ធអនុវត្តច្បាប់របស់ប្រទេស បានបង្ក្រាបប្រតិបត្តិការផលិតគ្រឿងញៀន និងផ្លូវឆ្លងកាត់ជាច្រើន ដែលឆ្លងកាត់ប្រទេសវ៉េណេស៊ុយអេឡាពីប្រទេសកូឡុំប៊ី និងអេក្វាឌ័រ។
ទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់ទីក្រុងការ៉ាកាសដោយគ្មានមូលដ្ឋានថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ ក្រោមលេសនេះ សហរដ្ឋអាមេរិកបានវាយប្រហារទីតាំងស៊ីវិល និងយោធា នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅថ្ងៃទី៣ ខែមករា។ ស្ថានភាពគ្រាអាសន្ន ត្រូវបានដាក់នៅក្នុងប្រទេសនេះ ស្របពេលមានលុកលុយរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា។ យោងតាមមេដឹកនាំអាមេរិករូបនេះ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេសនេះ៕
