ការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Harvard សម្រាប់និស្សិតចិន បានកើតឡើងនៅរដូវស្លឹកឈើជ្រុះ ធៀបនឹងរយៈពេល ១ឆ្នាំមុន បើទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ចាត់វិធានការគ្រប់គ្រងទិដ្ឋាការសម្រាប់ពួកគេ និងកំណត់ការចុះឈ្មោះចូលរៀន និងការផ្តល់មូលនិធិនៅសាកលវិទ្យាល័យដ៏មានកិត្យានុភាពមួយនេះក៏ដោយ ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Harvard ដែលបានបញ្ចេញកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បានឲ្យដឹងថា ចំនួននិស្សិតមកពីចិនដីគោក បានកើនឡើងពី ១.៣៩០នាក់ អំឡុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ ដល់ ១.៤៥២នាក់ អំឡុងរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២៥ ។
ការចុះឈ្មោះចូលរៀនរបស់និស្សិតហុងកុង បានកើនឡើងពី ៦៨នាក់ ដល់ ៧៣នាក់ ខណៈការចុះឈ្មោះរបស់និស្សិតមកពីទីក្រុងម៉ាកាវ បានធ្លាក់ចុះ ។
ការកើនឡើងចំនួននិស្សិតចិន គឺជារឿងគួរឲ្យចាប់អារម្មណ៍ ស្របពេលដែលចំនួននិស្សិតបរទេសនៅសាកលវិទ្យាល័យ Harvardប្រឈមនឹងការត្រួតពិនិត្យខ្លាំង នៅខែដំបូងនៃរដ្ឋបាលលើកទី ២របស់លោក Trump ក្នុងនោះរដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Kristi Noem បានលើកឡើងពីការប្រកួតប្រជែងរបស់ខ្លួនជាមួយចិន គឹជាហេតុផលសម្រាប់ការបង្រ្កាប ។
កាលពីខែឧសភា ឆ្នាំ ២០២៥ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio និយាយថា ក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិ នឹងធ្វើការដកហូតទិដ្ឋាការរបស់និស្សិតចិនដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬវិស័យសំខាន់ៗ ហើយនិងរឹតបន្តឹងការត្រួតពិនិត្យនិស្សិតដាក់ពាក្យចូលរៀនមកពីចិនដីគោក និងហុងកុង ៕