សហរដ្ឋអាមេរិក បានចាត់ទុកអង្គការបងប្អូនមូស្លីមនៅអេហ្ស៊ីប លីបង់ និងហ៊្សកដានី ថាជាក្រុមភេរវករ ស្របពេលទីក្រុងវ៉ាស៊ីនតោនបង្កើនវិធានការបង្រ្កាបរបស់ខ្លួនលើគូប្រជែងអ៊ីស្រាអែលនៅទូទាំងពិភពលោក ។
ការសម្រេចចិត្តកាលពីថ្ងៃអង្គារ បានកើតមានឡើង រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយលោកប្រធានាធិបតី Donald Trump ចេញបទបញ្ជាប្រតិបត្តិបញ្ជាឲ្យរដ្ឋបាលរបស់លោក ចាប់ផ្តើមដំណើរការចុះបញ្ជីខ្មៅក្រុមទាំងនេះ ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចាត់ទុកក្រុមមូស្លីមនៅហ្សកដានី និងអេហ្ស៊ីប ថាជាអង្គការភេរវកម្មសកលលោក ហើយក្រសួងការបរទេសសហរដ្ឋអាមេរិក បានចុះបញ្ជីខ្មៅអង្គការមូស្លីមលីបង់ថា ជាអង្គការភេរវករបរទេស(FTO) ។
រដ្ឋបាលរបស់លោក Trump បានលើកឡើងថា ការគាំទ្រចោទប្រកាន់សម្រាប់ក្រុមហាម៉ាសប៉ាឡេស្ទីន និងសកម្មភាពប្រឆាំងនឹងផលប្រយោជន៍អ៊ីស្រាអែលនៅតំបន់មជ្ឈិមបូព៌ា គឺជាហេតុផលនៅពីក្រោយគោលដៅលើបងប្អូនមូស្លីម ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំពូកបងប្អូនមូស្លីម អះអាងថា ជាអង្គការស៊ីវិលស្របច្បាប់ ខណៈសកម្មក្រោយឆាក ពួកគេគាំទ្រយ៉ាងច្បាស់ក្រឡែត និងដោយរីករាយចំពោះក្រុមភេរវករ ដូចជាក្រុមហាម៉ាស ។
លោក Salah Abdel Haq គឺជាអគ្គមគ្គទេសស្តីទីក្រុមបងប្អូនមូស្លីមអេហ្ស៊ីបនិយាយថា ក្រុមរបស់លោក បដិសេធយ៉ាងដាច់អហង្ការចំពោះការកំណត់បែបនេះ ហើយនឹងបន្តស្វែងរកគ្រប់មធ្យោបាយតាមផ្លូវច្បាប់ ដើម្បីជំទាស់នឹងការសម្រេចចិត្តខាងលើ ដែលធ្វើឲ្យប៉ះពាល់ដល់ជនមូស្លីមរាប់លាននាក់ នៅទូទាំងពិភពលោក ៕