អ៊ុយក្រែនបានប្រកាសអាសន្នក្នុងវិស័យថាមពលរបស់ប្រទេសនេះ ដោយផ្តោតជាពិសេសលើទីក្រុងគីវ ខណៈការវាយប្រហាររបស់រុស្ស៊ីនៅតែបន្តធ្វើឱ្យប្រជាជនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។
ប្រទេសនេះកំពុងស្ថិតក្នុងរដូវរងាដ៏ត្រជាក់ខ្លាំង ដោយសីតុណ្ហភាពពេលយប់នៅទីក្រុងគីវធ្លាក់ចុះដល់ប្រហែល -២០អង្សាសេ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ក្រុមការងារពិសេសមួយនឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយផលវិបាកដ៏គ្រោះថ្នាក់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី និងស្ថានភាពអាកាសធាតុកាន់តែធ្ងន់ធ្ងរ ។
លោកបានចោទប្រកាន់ទីក្រុងមូស្គូថាមានចេតនាកេងចំណេញលើសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត និងក្រោមសូន្យ ដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងទីតាំងចែកចាយថាមពលផងដែរ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងគីវត្រូវបានរងផលប៉ះពាល់យ៉ោងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ី ដែលធ្វើឱ្យផ្ទះសម្បែងរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ជាប្រចាំ គ្មានកម្ដៅ ឬប្រព័ន្ធទឹកស្អាត។
បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូន ទាំងយប់ដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន ៧០% នៃរដ្ឋធានីគីវ បានធ្លាក់ក្នុងសភាពងងឹត គ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង៕

