មន្ត្រីជាន់ខ្ពស់មកពីអាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៥ មករា) នេះថា ការលក់អាវុធបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ទៅឱ្យតំបន់មួយនេះ កំពុងស្ថិតនៅក្នុងដំណើរការ ដោយនៅមានកិច្ចព្រមព្រៀងចំនួន៤ មិនទាន់ត្រូវបានជូនដំណឹងដល់សភាអាមេរិកនៅឡើយទេ បន្ទាប់ពីការប្រកាសកញ្ចប់ជំនួយចំនួន ១១ពាន់លានដុល្លារ កាលពីខែមុន ដែលជាកញ្ចប់ជំនួយដ៏ធំបំផុតមិនធ្លាប់មានសម្រាប់កោះនេះ។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាពុំមានចំណងការទូតផ្លូវការក៏ដោយ។ ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន បានធ្វើហ្គេមសង្គ្រាមដ៏ធំនៅជុំវិញកោះនេះ កាលពីចុងខែធ្នូកន្លងទៅ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីកិច្ចព្រមព្រៀងលក់អាវុធចុងក្រោយ ត្រូវបានប្រកាស។

កាលពីខែវិច្ឆិកា ឆ្នាំមុន មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបើកបង្ហាញកញ្ចប់ថវិកាបន្ថែមចំនួន ៤០ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិរហូតដល់ឆ្នាំ ២០៣៣ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ ក្នុងការការពារខ្លួន នៅចំពោះមុខសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសចិន។

ទីក្រុងប៉េកាំង តែងបញ្ជាក់យ៉ាងមុតមាំម្ដងហើយម្ដងទៀតថា ប្រទេសចិន ជំទាស់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះទម្រង់ទាំងឡាយណានៃការចូលរួមផ្នែកយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ របស់ប្រទេសចិន៕