រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបដិសេធដែលថាទីក្រុងតេអេរ៉ង់មានផែនការប្រហារជីវិតអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបានទទួលការធានាថា ការសម្លាប់អ្នកតវ៉ានៅអ៊ីរ៉ង់ត្រូវបានបញ្ឈប់។
នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Fox News កាលពីថ្ងៃពុធ លោក Araghchi បាននិយាយថា «ពុំមានផែនការព្យួរ ក អ្វីទាំងអស់» នៅពេលត្រូវបានសួរថាតើមានផែនការប្រហារជីវិតអ្នកតវ៉ាដែរឬទេ។ ការលើកឡើងរបស់លោក Araghchi បានធ្វើឡើងបន្ទាប់ពីលោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីពេលមុនថា លោកត្រូវបានធានាថា ការសម្លាប់អ្នកតវ៉ានៅអ៊ីរ៉ង់ត្រូវបានបញ្ឈប់ ហើយការប្រហារជីវិតដែលបានគ្រោងទុក ក៏ត្រូវបានបញ្ឈប់។

ថ្លែងប៉ុន្មានម៉ោងបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមដកបុគ្គលិកមួយចំនួនចេញពីមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅប្រទេសកាតាក្នុងពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីជម្លោះជាថ្មីរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ លោក Trumpបាននិយាយថា លោកបាននិយាយជាមួយ «ប្រភពសំខាន់ៗនៅម្ខាងទៀត» ហើយលោកនឹងតាមដានពីរបៀបដែលវិបត្តិនេះវិវត្ត ទោះបីជាលោកមិនបានច្រានចោលសកម្មភាពយោធាដែលអាចកើតមានរបស់សហរដ្ឋអាមេរិកក៏ដោយ។
