បុគ្គលិកយោធាអឺរ៉ុបគ្រោង នឹងចាប់ផ្តើមមកដល់កោះហ្គ្រីនលែន ( Greenland) នៅថ្ងៃព្រហស្បតិ៍នេះ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីអាមេរិក ដាណឺម៉ាក និងហ្គ្រីនលែន នៅទីក្រុងវ៉ាស៊ីនតោន បានបរាជ័យក្នុងការដោះស្រាយ «ការខ្វែងគំនិតជាមូលដ្ឋាន» លើកោះអាក់ទិកដែលសម្បូររ៉ែ និងជាយុទ្ធសាស្ត្រនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបេ្តជ្ញាម្តងហើយម្តងទៀតថា នឹងគ្រប់គ្រងទឹកដីស្វយ័តរបស់ដាណឺម៉ាក ដោយអះអាងថា កោះនេះមានសារៈសំខាន់សម្រាប់សន្តិសុខអាមេរិក។
ប្រទេសបារាំង ស៊ុយអែត អាល្លឺម៉ង់ និងន័រវែស បានប្រកាសកាលពីថ្ងៃពុធថា ពួកគេនឹងដាក់ពង្រាយបុគ្គលិកយោធាជាផ្នែកមួយនៃបេសកកម្មឈ្លបយកការណ៍ទៅកាន់រដ្ឋធានី Nuuk របស់កោះហ្គ្រីនលែន។

លោក Mute Egede ឧបនាយករដ្ឋមន្ត្រីនៃកោះហ្គ្រីនលែន បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា៖«ទាហានរបស់អង្គការណាតូត្រូវបានគេរំពឹងថា នឹងមានវត្តមានកាន់តែច្រើននៅកោះនេះ ចាប់ពីថ្ងៃនេះ និងនៅថ្ងៃខាងមុខ។ គេរំពឹងថា នឹងមានយន្តហោះយោធា និងនាវាកាន់តែច្រើន» ដោយបន្ថែមថា ពួកគេ នឹង«ហ្វឹកហាត់»។
ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«បុគ្គលិកយោធាបារាំងដំបូង បានធ្វើដំណើររួចហើយ។ អ្នកផ្សេងទៀត នឹងមកតាមក្រោយ»។
ក្រសួងការពារជាតិអាល្លឺម៉ង់ បាននិយាយថា ការដាក់ពង្រាយក្រុមឈ្លបយកការណ៍ដែលមានបុគ្គលិកយោធាចំនួន ១៣នាក់ ទៅកាន់ទីក្រុង Nuuk ចាប់ពីថ្ងៃព្រហស្បតិ៍នេះ តាមការស្នើរបស់ប្រទេសដាណឺម៉ាក ដោយបន្ថែមថា វានឹងដំណើរការចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ៕
