លោក Valery Gerasimov គឺជានាយអគ្គសេនាធិការកងទ័ពរុស្ស៊ី និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ីដណ្តើមគ្រប់គ្រងបានទឹកដីអ៊ុយក្រែនជាង ៣០០គ.មក្រឡា អំឡុងរយៈពេលកន្លះខែដំបូងក្នុងខែមករា ឆ្នាំ ២០២៦នេះ ។

រុស្ស៊ីបាននិយាយថា ពួកគេដណ្តើមបានការគ្រប់គ្រងទឹកដីអ៊ុយក្រែនទំហំ ៦.៦៤០គ.មក្រឡាកាលពីឆ្នាំមុន ។
លោក Gerasimov និយាយថា កងកម្លាំងរុស្ស៊ី បន្តរុលចូលគ្រប់ទិសទី នៅតាមតំបន់ជួរមុខ ស្ថិតនៅតំបន់ភាគខាងជើង ភាគខាងកើត និងភាគខាងត្បូងប្រទេសអ៊ុយក្រែន ។
ក្រសួងការពារជាតិរុស្ស៊ី រាយការណ៍កាលពីថ្ងៃពុធថា ទាហានរុស្ស៊ីរំដោះបានទីតាំងឈរជើង Komarovka ស្ថិតនៅតំបន់ Sumy ក្នុងរយៈពេលជាង ២៤ម៉ោងកន្លងមកនេះ អំឡុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គភាពប្រយុទ្ធភូមិភាគជើង រំដោះបានតំបន់ឈរជើង Komarovka អំឡុងប្រតិបត្តិការសម្រេចគោលដៅរបស់ពួកគេ ។
យោងតាមតួលេខចុងក្រោយពីប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនចេញដោយក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន បានបាត់បង់ទាហាន ១.៣១០ នៅក្នុងសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ីនៅតំបន់ជួរមុខទាំងអស់ នារយៈពេល ២៤ម៉ោងកន្លងមកនេះ ៕
