នៅថ្ងៃព្រហស្បតិ៍នេះ វិមានក្រឹមឡាំងបានឯកភាពនឹងសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលនិយាយថា វាគឺជាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy មិនមែនរុស្ស៊ីនោះទេ ដែលជាអ្នកពន្យាពេលកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតឡើង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំងនិយាយថា ពួកយើងឯកភាពចំពោះរឿងនេះ ។ នេះគឺជាការពិតមិនអាចប្រកែកបាន ។ លោកប្រធានាធិបតី Putin និងភាគីរុស្ស៊ីនៅតែបើកទ្វាររង់ចាំ ។ គោលជំហររបស់រុស្ស៊ី ត្រូវបានក្រុមចរចាសហរដ្ឋអាមេរិក និងលោកប្រធានាធិបតី Trump ដឹងច្បាស់ ។ គេដឹងច្បាស់ផងដែរនៅក្នុងទីក្រុងគីវ ហើយនិងថ្នាក់ដឹកនាំរបបក្រុងគីវ ។
គួរឲ្យដឹងថា លោក Trump បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកដែលកំពុងពន្យារពេលកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយគឺជាអ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលជាវោហាសាស្ត្រផ្ទុយស្រឡះពីសម្ព័ន្ធមិត្តអឺរ៉ុប ដែលតែងតែអះអាងជាប់ជានិច្ចថា ទីក្រុងមូស្គូមានចំណាប់អារម្មណ៍តិចតួចណាស់ក្នុងការបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ។
ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅការិយាល័យ Oval Office កាលពីថ្ងៃពុធម្សិលមិញ លោក Trump បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់ប្រតិបត្តិការសឹកជិត ៤ឆ្នាំរបស់លោកនៅអ៊ុយក្រែន ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ស្ទាក់ស្ទើរជាងលើរឿងនេះ ។
លោក Trump បាននិយាយថា លោកគិតថា ប្រធានាធិបតីរុស្ស៊ី ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ ហើយលោកគិតថា អ៊ុយក្រែនមិនសូវត្រៀមខ្លួនរួចរាល់ទេក្នុងការធ្វើកិច្ចព្រមព្រៀង ។ នៅពេលត្រូវសាកសួរថា ហេតុអ្វីបានជាកិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិក មិនទាន់ដោះស្រាយជម្លោះទឹកដីដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរនេះបាន លោក Trump បានឆ្លើយតបយ៉ាងខ្លីថាគឺ លោក Zelenskyy ។
លោក Peskov បាននិយាយផងដែរថា រុស្ស៊ីនឹងស្វាគមន៍ប្រេសិតពិសេសសេតិវមានលោក Steve Witkoff និងកូនប្រសារប្រុសលោក Trump គឺលោក Jared Kushner នៅពេលណាដែលកាលបរិច្ឆេតសម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេ ត្រូវបានឯកភាព ៕