បណ្តាប្រទេសនៅអឺរ៉ុបបានបញ្ជូនបុគ្គលិកយោធាមួយចំនួនតូចទៅកាន់កោះហ្គ្រីនលែនកាលពីថ្ងៃព្រហស្បតិ៍ ១៥ មករាសប្ដាហ៍នេះ ខណៈប្រទេសដាណឺម៉ាក និយាយថា ខ្លួនកំពុងបន្តផែនការសម្រាប់វត្តមានណាតូកាន់តែធំនិងអចិន្ត្រៃយ៍ ដើម្បីធានាសុវត្ថិភាពកោះ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ចង់បាន។
ការដាក់ពង្រាយកងទ័ពអឺរ៉ុបតិចតួច ដែលមានបំណងជួយប្រទេសដាណឺម៉ាករៀបចំសមយុទ្ធយោធា បានផ្ញើសារគាំទ្រយ៉ាងខ្លាំង មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនលែន បានបរាជ័យក្នុងការឈានដល់ការទម្លាយភាពជាប់គាំងណាមួយ។
បន្ទាប់ពីកិច្ចប្រជុំនោះ លោក Trump បានបញ្ជាក់ម្តងទៀតនូវការអះអាងរបស់លោកថា ប្រទេសដាណឺម៉ាកមិនអាចពឹងផ្អែកលើការការពារទឹកដីស្វយ័តរបស់ខ្លួន គឺហ្គ្រីនលែនបានទេ ប្រសិនបើរុស្ស៊ី ឬចិនចង់កាន់កាប់។ លោក Trump និយាយថា កោះដែលមានទីតាំងយុទ្ធសាស្ត្រ និងសម្បូរទៅដោយរ៉ែនេះ គឺមានសារៈសំខាន់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយពុំបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកដែនដីនេះនោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង កូផេនហាក (Copenhagen) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកពុំមានតួលេខចុងក្រោយសម្រាប់វត្តមានណាតូដែលបានពង្រីកនៅហ្គ្រីនលែននោះទេ។
បណ្ដាប្រទេសលេចធ្លោនៃសហភាពអឺរ៉ុប បានគាំទ្រដាណឺម៉ាក ដោយព្រមានថា ការរឹបអូសយកទឹកដីមួយក្នុងដែនដីរបស់ប្រទេសជាសមាជិកអង្គការណាតូពីសំណាក់សហរដ្ឋអាមេរិក អាចបញ្ចប់សម្ព័ន្ធភាពយោធា ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោនមួយនេះ៕


