អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០ នាក់នៅទូទាំងតំបន់ហ្កាហ្សា ខណៈសហរដ្ឋអាមេរិកបានប្រកាសថាភាគីទាំងពីរបានឈានទៅដល់ដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ ២០ ចំណុចជាមួយក្រុមហាម៉ាស ដើម្បីបញ្ចប់ជម្លោះ។
ទីភ្នាក់ងារសារព័ត៌មាន Wafa បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះពីរខ្នង នៅក្នុងទីក្រុង Deir el-Balah ភាគកណ្តាលកាលពីល្ងាចថ្ងៃព្រហស្បតិ៍១៥មករា សប្ដាហ៍នេះ ដោយមន្ត្រីសុខាភិបាលបានបញ្ជាក់ថា អនីតិជនអាយុ ១៦ ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ចំនួន ៦ នាក់។
យោធាអ៊ីស្រាអែលបានប្រកាសថា ម្នាក់ក្នុងចំណោមជនរងគ្រោះ លោក Muhammad al-Hawli គឺជាមេបញ្ជាការនៅក្នុងកងពលតូច Qassam ដែលជាអង្គភាពប្រដាប់អាវុធរបស់ហាម៉ាស។
ដោយរាយការណ៍ពីទីក្រុងហ្កាហ្សា លោក Ibrahim al-Khalili អ្នកសារព័ត៌មានរបស់សារព័ត៌មាន Al Jazeera បានបញ្ជាក់ថា ឥស្សរជនជាន់ខ្ពស់ម្នាក់នៃកងពលតូច Qassam ត្រូវបានសម្លាប់ ហើយការវាយប្រហារនេះបានគូសបញ្ជាក់ពីសាររបស់អ៊ីស្រាអែលថា ខ្លួននឹងកំណត់ដំណាក់កាលទីពីរនៃបទឈប់បាញ់តាមលក្ខខណ្ឌរបស់ខ្លួន។
ក្រុមហាម៉ាសបានថ្កោលទោសការដាក់គោលដៅលើក្រុមគ្រួសារជនរងគ្រោះថាជាឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើម ដោយនិយាយថានេះបង្ហាញពីការមិនគោរពរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សម្រាប់បទឈប់បាញ់ខែតុលា២០២៥កន្លងទៅ ប៉ុន្តែពុំបានបញ្ជាក់ពីការស្លាប់មេបញ្ជាការរបស់ខ្លួននោះទេ៕