សេចក្ដីរាយការណ៍របស់កាសែត The Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ (១៥ មករា) បានឱ្យដឹងថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក បានផ្ដល់ការប្រឹក្សាជូនទៅលោកប្រធានាធិបតី Donald Trump ថា ការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ទំនងជាមិនធ្វើឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ដួលរលំនោះទេ ហើយអាចបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយ ខណៈពេលនេះ ទីក្រុងវ៉ាស៊ីនតោន នឹងបន្តតាមដានពីវិធីសាស្រ្តដោះស្រាយរបស់ទីក្រុងតេអេរ៉ង់ជាមួយក្រុមបាតុករ មុនពេលសម្រេចចិត្តលើវិសាលភាពនៃលទ្ធភាពក្នុងការវាយប្រហារ។
ក្រុមមន្ត្រីទាំងនោះបាននិយាយថា បណ្ដាទីប្រឹក្សាបានជម្រាបលោក Trump ថា សហរដ្ឋអាមេរិក នឹងត្រូវការកម្លាំងយោធាបន្ថែមទៀតនៅមជ្ឈិមបូព៌ាជាមុនសិន ដើម្បីអាចចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំផង និងការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់ផង ព្រមទាំងធានាដល់សម្ព័ន្ធមិត្តដូចជាអ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង់ សងសឹកវិញ។

មន្ត្រីអាមេរិក និងដៃគូមជ្ឈិមបូព៌ា បានប្រាប់សេតវិមានថា របបនេះទំនងជាមិនដួលរលំទេ ទោះជាបន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំក៏ដោយ ហើយផ្ទុយទៅវិញ អាចបង្កឱ្យមានជម្លោះកាន់តែទូលំទូលាយថែមទៀត។ ជាមួយគ្នានេះ ក្រុមមន្ត្រីក៏និយាយផងដែរថា កញ្ចប់វាយប្រហារទ្រង់ទ្រាយតូច អាចជំរុញស្មារតីក្នុងចំណោមក្រុមបាតុករ ប៉ុន្តែនៅទីបំផុត ក៏មិនអាចផ្លាស់ប្តូរការបង្ក្រាបរបស់របបនេះបានដែរ។
កិច្ចពិភាក្សាផ្ទៃក្នុងទាំងនេះ បង្ហាញពីភាពស្មុគស្មាញខ្លាំងនៃការអនុវត្តបន្ទាត់ក្រហមរបស់លោក Trump ដែលថា អ៊ីរ៉ង់ មិនអាចសម្លាប់ក្រុមបាតុករជាទ្រង់ទ្រាយធំបានទេ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបាននិយាយថា លោក Trump មិនបានធ្វើការសម្រេចចិត្តចុងក្រោយលើសកម្មភាពបន្ទាប់នៅឡើយទេ ប៉ុន្តែលោកបានស្នើឱ្យយោធាត្រៀមយុទ្ធោបករណ៍ឱ្យបានរួចរាល់ ដើម្បីរង់ចាំបញ្ជារបស់លោក៕


