អ៊ុយក្រែន៖ ការវាយប្រហារតាមអាកាសពីប្រទេសរុស្ស៊ីលើមន្ទីរពេទ្យកុមារមួយនៅក្នុងទីក្រុង Mariupol ភាគខាងត្បូងប្រទេសអ៊ុយក្រែនបានបណ្ដាលឲ្យមនុស្ស ១៧នាក់រងរបួសកាលពីថ្ងៃពុធ ជាការវាយប្រហារចុងក្រោយបំផុតលើជនស៊ីវិល ខណៈដែលវិមានក្រឹមឡាំងនៅតែបន្តការវាយរុលទៅមុខលើអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន Volodomyr Zelenskyy បាននិយាយថា ទាហានរុស្ស៊ីបានបើកការវាយប្រហារដោយផ្ទាល់លើមន្ទីរពេទ្យកុមារ។ លោកបានហៅការវាយប្រហារនេះថាជាអំពើឃោរឃៅ ហើយថា ប្រជាពលរដ្ឋក្មេងចាស់កប់នៅក្រោមគំនរថ្មបែកបាក់។ លោក Volodymyr Zelenskyy បាននិយាយថា ពួកគេចង់ឲ្យយើងមានអារម្មណ៍ដូចជាសត្វធាតុ ព្រោះពួកគេបានបិទទីក្រុងរបស់យើង ទីក្រុងធំៗបំផុតរបស់យើងនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបិទ ព្រោះពួកគេមិនចង់ឲ្យយើងទទួលបានអាហារ និងទឹកកាលពីម្សិលមិញ ឧទាហរណ៍កុមារជាដើម ខ្ញុំមិនដឹងថា តើអ្នកបានដឹង ឬអត់ទេថា មានកុមារជាច្រើននៅក្នុងទីក្រុង Mariupol បានស្លាប់។ ខ្ញុំមិនដឹងថា តើលោក Putin នឹងប្រាប់រឿងនេះដល់ពិភពលោកយ៉ាងណាទេ។

លោកបានព្រមានថា មនុស្សរាប់លាននាក់អាចនឹងស្លាប់ លុះត្រាតែមានអន្តរាគមន៍ពីសម្ព័ន្ធណាតូក្នុងការបង្កើតតំបន់ហាមហោះហើរលើប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការវាយប្រហារតាមអាកាសដែលនៅតែបន្តរបស់រុស្ស៊ី។ ការវាយប្រហារនេះបានបណ្ដាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីក្រុមគាំទ្រជនភៀសខ្លួន និងជំនួយមនុស្សធម៌។ អ្នករងរបួសទាំងនោះនៅក្នុងការវាយប្រហារលើមន្ទីរពេទ្យនេះ គឺជាជនស៊ីវិលរងគ្រោះចុងក្រោយបំផុតក្នុងសង្គ្រាមដែលបានបណ្ដាលឲ្យជនស៊ីវិលស្លាប់ ឬរងរបួសជាង ១,០០០នាក់៕
អត្ថបទ៖ សុខមាន