ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានលើកទឹកចិត្តដល់ក្រុមហ៊ុន AI ឱ្យបញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រនានា ដើម្បីជួយសម្រួលដល់ការលំបាកដល់បងប្អូនខ្មែរដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក NITISH KUMAR ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MEDNAATH ។
ក្រុមហ៊ុន MEDNAATH ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការបកប្រែភាសាដោយផ្ទាល់ពេលដែលដៃគូសន្ទនាកំពុងនិយាយគ្នាតាមទូរស័ព្ទ ។ កម្មវិធីនេះអាចជួយសម្រួលដល់រនាំងភាសាសម្រាប់ជនបរទេសដែលនិយាយភាសាពីរផ្សេងគ្នា ដែលវាមានសមត្ថភាពបកប្រែបានរហូតដល់ ១៥០ ភាសា ក្នុងនោះក៏មានភាសាខ្មែរផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូត បានកោតសរសើរចំពោះក្រុមហ៊ុនដែលបង្កើតបាននូវបច្ចេកវិទ្យាដ៏ល្អមួយ ដែលជួយសម្រួលដល់ជនបរទេស ពិសេសជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ ដែលពួកគាត់ជួបប្រទះការលំបាកក្នុងការប្រើប្រាស់ភាសាសម្រាប់ការប្រាស្រ័យទាក់ទងជាមួយជនជាតិកូរ៉េ។
ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រនានា ដើម្បីជួយសម្រួលដល់ការលំបាកដល់បងប្អូនខ្មែរដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា ៕


