ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃសុក្រ បានថ្លែងអំណរគុណដល់សមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ចំពោះការគាំទ្ររបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិក្នុងការសន្ទនាតាមទូរស័ព្ទ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់លោកប្រធានាធិបតី បានលើកឡើងថា លោក Pezeshkian បានសរសើរជំហររបស់រុស្ស៊ី ក្នុងការគាំទ្រ «ភាពត្រឹមត្រូវ» របស់អ៊ីរ៉ង់នៅ UN និងអង្គការអន្តរជាតិផ្សេងទៀត ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តគោលនយោបាយក្នុងស្រុករបស់រដ្ឋបាលលោក គឺផ្អែកលើប្រជាជន ដែលពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីស្តាប់ការទាមទាររបស់ប្រជាជន និងកាត់បន្ថយបញ្ហាដែលបណ្តាលមកពីទណ្ឌកម្ម«ដ៏ឃោរឃៅ» ដែលដាក់លើប្រទេសនេះ។
លោក Pezeshkian បានជម្រាបជូនលោក ពូទីន អំពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ពីតួនាទី និងអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងរដ្ឋអឺរ៉ុបមួយចំនួន នៅក្នុងឧប្បត្តិហេតុទាំងនោះ។
ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ «ល្អណាស់»របស់ប្រទេសទាំងពីរលើវិស័យនានា ក្នុងនោះមានសេដ្ឋកិច្ច ការវិនិយោគ ការដឹកជញ្ជូន និងថាម ពល។ លោកបានកត់សម្គាល់ថា គម្រោងសហប្រតិបត្តិការ កំពុងរីកចម្រើនយ៉ាងល្អ ហើយមិនមានបញ្ហាណាមួយត្រូវបានរាយការណ៍នោះទេ៕

