ប្រទេសអេក្វាឌ័រកាលពីថ្ងៃសុក្របានដាក់ពង្រាយទាហាន ១០.០០០ នាក់ នៅក្នុងខេត្តឆ្នេរសមុទ្រចំនួនបីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានស្តីបន្ទោសចំពោះការកើនឡើងនៃអំពើហិង្សា នៅក្នុងប្រទេសដែលធ្លាប់មានសន្តិភាពនេះ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Daniel Noboa បានសន្យាថា នឹងប្រើវិធីសាស្រ្តកណ្តាប់ដៃដែក ខណៈដែលប្រទេសអាមេរិកខាងត្បូងនេះ ឈានដល់កម្រិតកំណត់ត្រានៃឃាតកម្ម និងឧក្រិដ្ឋកម្មដ៏ហិង្សាផ្សេងទៀត។
លោកឧត្តមសេនីយ៍កងទ័ពអាកាស Mario Bedoya បានប្រាប់អ្នកយកព័ត៌មានថា ទាហានកងកម្លាំងពិសេសរាប់រយនាក់ ត្រូវបានដាក់ពង្រាយកាលពីថ្ងៃសុក្រ ដើម្បី «ពង្រឹងប្រតិបត្តិការសន្តិសុខ» នៅក្នុងខេត្ត Guayas, Manabi និង Los Rios។
យន្តហោះជាមួយនឹងបុគ្គលិកយោធា ក៏ត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Manta ដែលជាកំពង់ផែនេសាទសំខាន់របស់ប្រទេសនេះផងដែរ។
អេក្វាឌ័រមានទីតាំងស្ថិតនៅចន្លោះប្រទេសនាំចេញកូកាអ៊ីនឈានមុខគេចំនួនពីររបស់ពិភពលោក គឺកូឡុំប៊ី និងប៉េរូ ហើយបានឃើញការកើនឡើងនៃអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាល ដែលមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក និងកូឡុំប៊ី៕

