អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធលីបង់ នៅតែបន្តត្រូវការធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការធានាសុវត្ថិភាពព្រំដែនភាគខាងត្បូងរបស់ប្រទេសនេះ។
ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានស៊ីនហួ លោក Lacroix បានប្រាប់អ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់UN នៅទីក្រុងញូវយ៉កតាមរយៈតំណភ្ជាប់វីដេអូថា ខណៈពេលដែលកងកម្លាំងប្រដាប់អាវុធលីបង់ កំពុងបង្កើនចំនួន និងវត្តមានរបស់ខ្លួន ដែលជា «ដំណើរការលើកទឹកចិត្ត» វាត្រូវបានទទួលស្គាល់ដោយអាជ្ញាធរលីបង់ និងកងកម្លាំងប្រដាប់អាវុធលីបង់ថា នៅតែមានតម្រូវការសម្រាប់ធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត «ទាក់ទងនឹងសមត្ថភាព»។
លោក Lacroix បាននិយាយថា នៅក្នុងការពិភាក្សារបស់លោកជាមួយអាជ្ញាធរលីបង់ មានចំណាប់អារម្មណ៍ពីភាគីលីបង់ក្នុងការរក្សាយ៉ាងហោចណាស់ជាបណ្តោះអាសន្ន សមត្ថភាពមួយចំនួនដែល UNIFIL បច្ចុប្បន្នមាន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធលី បង់។
លោកបានថ្លែងថា៖ «ដូច្នេះគោលបំណង គឺច្បាស់លាស់...យើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើលើទស្សនៈនៃការពង្រឹង» ដោយបន្ថែមថា កងកម្លាំងនគរបាល និងសន្តិសុខរបស់ប្រទេសលីបង់ នៅតែបន្តទាមទារការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ៕

