កងទ័ពស៊ីរីបានបន្តការវាយលុករុលចូលក្នុងទឹកដីដែលកាន់កាប់ដោយក្រុមឃឺដ ទោះបីជាមានការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ការរុលចូលរបស់ខ្លួនក្នុងតំបន់ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីក៏ដោយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កងទ័ពបានដណ្តើមយកទីក្រុង Tabqa ភាគខាងជើង និងទំនប់ទឹកដែលនៅជាប់គ្នា ក៏ដូចជាទំនប់ទឹក Freedom ដ៏សំខាន់ ដែលធ្លាប់ត្រូវបានគេស្គាល់ថាជា Baath នៅភាគខាងលិចនៃទីក្រុង Raqaa របស់ប្រទេសស៊ីរី។
ក្រុមអាជ្ញាធរឃឺដស៊ីរីមិនបានទទួលស្គាល់ការបាត់បង់ការគ្រប់គ្រងរបស់ពួកគេលើចំណុចយុទ្ធសាស្ត្រទាំងនោះទេ ហើយមិនច្បាស់ថាតើការប្រយុទ្ធគ្នានៅតែបន្តឬអត់នោះទេ។
អស់រយៈពេលជាច្រើនថ្ងៃមកហើយ កងទ័ពស៊ីរីបានប្រមូលផ្តុំគ្នានៅជុំវិញភូមិមួយចំនួនដែលស្ថិតនៅខាងលិចទន្លេ យូប្រេទីស (Euphrates) ហើយបានអំពាវនាវដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយកងកម្លាំងក្រុមឃឺដដែលឈរជើងនៅទីនោះឱ្យដាក់ពង្រាយកងកម្លាំងរបស់ពួកគេឡើងវិញនៅច្រាំងទន្លេម្ខាងទៀត។
ពួកគេបានប៉ះទង្គិចគ្នាលើប៉ុស្តិ៍យុទ្ធសាស្ត្រ និងទីតាំងប្រេងតាមបណ្តោយទន្លេ យូប្រេទីស ។
យុទ្ធជនកងកម្លាំងប្រជាធិបតេយ្យស៊ីរី បានដកថយពីតំបន់នោះកាលពីព្រឹកថ្ងៃសៅរ៍ជាកាយវិការនៃសុច្ឆន្ទៈ ប៉ុន្តែបន្ទាប់មកបានចោទប្រកាន់កងទ័ពស៊ីរីថាបានរំលោភលើកិច្ចព្រមព្រៀងដោយបន្តរុញច្រានបន្ថែមទៀតទៅទិសខាងកើតចូលទៅក្នុងទីក្រុងនានា និងទីតាំងប្រេងដែលមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀង៕