ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនសប្តាហ៍ និងទឹកជំនន់រាលដាល បានវាយប្រហារប្រទេសជាច្រើននៅភាគខាងត្បូងទ្វីបអាហ្វ្រិក រួមមានប្រទេសអាហ្វ្រិកខាងត្បូង ម៉ូសំប៊ិក និងហ្ស៊ីមបាវ៉េ បានបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ បំផ្លាញទ្រព្យសម្បត្តិ និងជំរុញឱ្យមានការជម្លៀសចេញទ្រង់ទ្រាយធំ និងប្រតិបត្តិការជួយសង្គ្រោះ។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសពីគ្រោះមហន្តរាយជាតិកាលពីថ្ងៃអាទិត្យ ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅតែបន្តវាយប្រហារតំបន់ភាគខាងជើងរបស់ប្រទេស។

យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីចុងខែធ្នូ បានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Limpopo ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់១៧នាក់ រួមទាំងកុមារពីរនាក់បានស្លាប់។ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការនិងកិច្ចការប្រពៃណី លោក Velenkosini Hlabisa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា មនុស្ស ២០នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់នៅក្នុងខេត្ត Mpumalanga។
លំនៅឋានជាង១.៦០០ខ្នង និងសាលារៀនចំនួន ៣១កន្លែង បានរងផលប៉ះពាល់នៅខេត្ត Limpopo ខណៈលំនៅឋានជាង១.០០០ខ្នងនៅខេត្ត Mpumalanga បានរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា។ ទឹកជំនន់ក៏បានបង្ខំឱ្យបិទដោយផ្នែកឧទ្យានជាតិ Kruger ជាតំបន់អភិរក្សសត្វព្រៃធំបំផុតមួយរបស់ទ្វីបអាហ្វ្រិក ដោយភ្ញៀវទេសចរជាង ៦០០ នាក់ត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកហក់ឡើង បានជន់លិចផ្លូវចូល និងកន្លែងបោះតង់។
កងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រពីរគ្រឿងដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ និងជម្លៀសប្រជាជនដែលជាប់គាំងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង។