អាជ្ញាធរប្រទេសអ៊ុយហ្គង់ដា បានស្ដារសេវាអ៊ីនធឺណិតឡើងវិញដោយផ្នែក បន្ទាប់ពីប្រធានាធិបតីអាយុ ៨១ ឆ្នាំ លោក Yoweri Museveni បានឈ្នះអាណត្តិទីប្រាំពីរដើម្បីពង្រីកការគ្រប់គ្រងរបស់លោកចូលដល់ទសវត្សរ៍ទីប្រាំ ដោយជ័យជម្នះភ្លូកទឹកភ្លូកដីនេះ ត្រូវបានច្រានចោលដោយគណបក្សប្រឆាំង។

អ្នកប្រើប្រាស់ បានរាយការណ៍ថាអាចភ្ជាប់អ៊ីនធឺណិតឡើងវិញ ហើយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមួយចំនួនបានផ្ញើសារទៅកាន់អតិថិជនដោយនិយាយថានិយតករបានបញ្ជាឱ្យពួកគេស្ដារសេវាឡើងវិញដោយមិនរាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយសង្គម។

គណៈកម្មការទំនាក់ទំនងរបស់ប្រទេសអ៊ុយហ្គង់ដាគ្រប់គ្រងដោយរដ្ឋបាននិយាយថា ខ្លួនបានកាត់ផ្តាច់អ៊ីនធឺណិតដើម្បីទប់ស្កាត់ «ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ការក្លែងបន្លំការបោះឆ្នោត និងហានិភ័យពាក់ព័ន្ធនានា»។ ទោះជាយ៉ាងណា គណបក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថា វាគឺដើម្បីពង្រឹងការគ្រប់គ្រងលើដំណើរការបោះឆ្នោត និងធានាបានជ័យជម្នះសម្រាប់អ្នកកំពុងកាន់តំណែង។
ស្ថាប័នបោះឆ្នោតនៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ បានប្រកាសថា លោក Museveni ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយទទួលបានសំឡេង៧១,៦% ខណៈគូប្រជែងរបស់លោកគឺតារាចម្រៀងប៉ុបដែលប្រែក្លាយទៅជាអ្នកនយោបាយ លោក Bobi Wine ទទួលបានសំឡេងឆ្នោត២៤%។
របាយការណ៍រួមមួយពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីសហភាពអាហ្វ្រិក និងប្លុកតំបន់ផ្សេងទៀត បានរិះគន់ការចូលរួមរបស់យោធាក្នុងការបោះឆ្នោត និងការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការកាត់ផ្តាច់អ៊ីនធឺណិត។