ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល នៅថ្ងៃនេះ ទទួលបានរថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងប្រកខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១០ ខែមីនានេះ បន្តប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន២០គ្រឿង ដែលជាអំណោយរបស់សប្បុរជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន១២ និងឃ្លាំងឱសថ កណ្តាល នៃក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថា រថយន្តដឹកវ៉ាក់សាំង ដែលជាអំណោយរបស់ សប្បុរសជនខ្មែរ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនមន្ទីសុខាភិបាលរាជធានី-ខេត្ត និងឱសថកណ្តាលនៅពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងទុកប្រើប្រាស់ក្នុងវិស័យសុខាភិបាល។
រាជធានី-ខេត្តចំនួន១២ ដែលទទួលបានរថយន្តដឹកវ៉ាក់សាំង រួមមាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តសៀមរាម ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។
អំណោយរថយន្តដឹកវ៉ាក់សាំង ម៉ាក Ford មានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24អង្សាសេ និងមានលក្ខណៈពិសេសជាច្រើនទៀត។
គិតត្រឹមថ្ងៃទី១០ ខែមីនានេះ រថយន្តដឹកវ៉ាក់សាំងជាង ១០០គ្រឿងហើយ ដែលជាអំណោយរបស់ សប្បុរជនខ្មែរ តាមរយៈសម្តេចតេជោ ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលរាជាធានី-ខេត្តទាំង២៥ ក្រសួងការពារជាតិ និងប្រទេសឡាវ៕អត្ថបទ៖ ទូច សោភ័ណ





