សហភាពអឺរ៉ុប និងប្លុកសេដ្ឋកិច្ចនៃប្រទេសអាមេរិកខាងត្បូង ដែលមានឈ្មោះថា Mercosur បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ បន្ទាប់ពីការចរចារយៈពេលជាង២៥ឆ្នាំមកនេះ។
កិច្ចព្រមព្រៀងនេះនឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលមានប្រជាជនជាង៧០០លាននាក់ ប្រសិនបើកិច្ចព្រមព្រៀងចូលជាធរមាន។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅប្រទេសប៉ារ៉ាហ្គាយដែលជាសមាជិកនៃទីផ្សាររួមអាមេរិកឡាទីន(Mercosur)។ ប្លុកតំបន់ ដែលត្រូវបានគេស្គាល់ផងដែរថាជាទីផ្សាររួមភាគខាងត្បូង ក៏រួមមានប្រទេសប្រេស៊ីល និងអាហ្សង់ទីន។

សហភាពអឺរ៉ុប កំពុងស្វែងរកការធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួនក្នុងអំឡុងពេលយុទ្ធនាការដំឡើងពន្ធរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងក្នុងពិធីនោះថា «កិច្ចព្រមព្រៀងនេះនឹងផ្ញើសារដ៏រឹងមាំទៅកាន់ពិភពលោក»។ លោកស្រីបាននិយាយបន្ថែមថា «យើងជ្រើសរើសពាណិជ្ជកម្មដ៏យុត្តិធម៌ជាជាងការដំឡើងពន្ធ។ យើងជ្រើសរើសភាពជាដៃគូរយៈពេលវែងនិងផលិតភាព ជាជាងភាពឯកោ»។
ប្រទេសសហភាពអឺរ៉ុបមួយចំនួន កំពុងជំទាស់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីលទ្ធភាពនៃលំហូរផលិតផលកសិកម្មដែលមានតម្លៃទាប ពីប្រទេសអាមេរិកខាងត្បូង។