ប្រភពពីអាជ្ញាធរយោធាបានរាយការណ៍កាលពីថ្ងៃអាទិត្យ (១៨ មករា) ថា យ៉ាងហោចណាស់ សមាជិក ២៧នាក់ នៃក្រុមទ័ពព្រៃឆ្វេងនិយមមួយក្រុមនៅប្រទេសកូឡុំប៊ី ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សាជាមួយក្រុមគូប្រជែង នៅក្នុងការប្រយុទ្ធដណ្តើមការគ្រប់គ្រងតំបន់ព្រៃមួយកន្លែងនៅភាគកណ្តាលប្រទេសកូឡុំប៊ី។

ប្រភពយោធាបាននិយាយថា ការប៉ះទង្គិចគ្នា ដែលជាអំពើហិង្សាដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានកើតឡើងនៅតំបន់ជនបទ El Retorno ក្នុងខេត្ត Guaviare ចម្ងាយ ៣០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងបូហ្គោតា។ តំបន់នេះជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការផលិត និងការជួញដូរគ្រឿងញៀនកូកាអ៊ីន។

ប្រភពបន្តទៀតថា ការប៉ះទង្គិចបានកើតឡើងរវាងក្រុមមួយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ជាមួយនឹងក្រុមមួយទៀត ដែលត្រូវបានគេស្គាល់ថាជាក្រុម Calarca Cordoba។ ក្រុមប្រដាប់អាវុធទាំងពីរនេះ គឺជាផ្នែកមួយនៃសម្ព័ន្ធដែលគេហៅថា នាយសេនាធិការកណ្តាល ប៉ុន្តែបានបំបែកចេញពីគ្នានៅក្នុងខែមេសា ឆ្នាំ២០២៤ ដោយសារតែជម្លោះផ្ទៃក្នុង។
យោងតាមទិន្នន័យបានឱ្យដឹងថា ជម្លោះប្រដាប់អាវុធរបស់កូឡុំប៊ី ដែលអូសបន្លាយជាង ៦ទសវត្សរ៍មកហើយ និងទទួលបានហិរញ្ញប្បទានជាចម្បងដោយការជួញដូរគ្រឿងញៀន និងការជីកយករ៉ែខុសច្បាប់ បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៤៥ម៉ឺននាក់ និងរាប់លាននាក់ត្រូវជម្លៀសខ្លួន ខណៈកិច្ចប្រឹងប្រែងសន្តិភាពរបស់លោកប្រធានាធិបតី Gustavo Petro បច្ចុប្បន្នកំពុងជាប់គាំង៕