ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃចន្ទនេះថា ចំនួនប្រជាពលរដ្ឋចិន ធ្លាក់ចុះរយៈពេល ៤ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ ២០២៥ ពោលគឺធ្លាក់ចុះចំនួន ៣,៣៩លាននាក់ មកនៅចំនួន ១,៤០៥ពាន់លាននាក់ ដែលជាចំនួនធ្លាក់ចុះលឿនបំផុតជាងកាលពីឆ្នាំ ២០២៤ ។
តួលេខពីមន្ទីរស្ថិតិជាតិចិន បង្ហាញថា អត្រាកំណើតសរុបនៅចិន បានធ្លាក់ចុះចំនួន ៧,៩២លាននាក់ ក្នុងឆ្នាំ ២០២៥ ដែលជាអត្រាទាបបំផុតរបស់ពួកគេ ក្នុងរយៈពេលជាច្រើនទសវត្សកន្លងមកនេះ ពីចំនួន ៩,៥៤លាននាក់ កាលពីឆ្នាំ ២០២៤ ។

ចំណែកឯអត្រាមរណៈ បានកើនឡើងដល់ចំនួន ១១,៣១លាននាក់ ពីចំនួន ១០.៩៣លាននាក់ ក្នុងឆ្នាំ ២០២៤ ។
លោក Kang Yi គឺជាប្រធានមន្ទីរស្ថិតិជាតិចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២២រហូតមក ហើយចំនួនពលរដ្ឋចាស់ជរាកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។
លោកបន្តថា ពលរដ្ឋមានវ័យ ៦៥ឆ្នាំ និងវ័យលើសនេះ មានចំនួន ២២៣,៦៥លាននាក់ ស្មើនឹង ១៥,៩ភាគរយនៃចំនួនពលរដ្ឋសរុប ។
លោកបញ្ជាក់ទៀតថា ចំនួនពលរដ្ឋមានវ័យ ៦០ឆ្នាំ និងវ័យលើសនេះ មានចំនួន ៣២៣,៣៨លាននាក់ ស្មើនឹងចំនួន ២៣ភាគរយនៃចំនួនពលរដ្ឋសរុប ។
ក្រុមប្រជាសាស្ត្រនិយាយថា ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំខាងមុខនេះ ចិនអាចនឹងមើលឃើញកំណើនអត្រាកំណើតតិចតួចបណ្តោះអាសន្ន ក្រោយកាលពីខែឧសភា ឆ្នាំ ២០២៥ ចិនបានចាប់ផ្តើមអនុញ្ញាតឲ្យគូស្រករ. អាចរៀបការនៅកន្លែងណាក៏បាននៅក្នុងប្រទេស ជំនួសឲ្យទីកន្លែងរស់នៅរបស់ពួកគេ ដើម្បីធ្វើឲ្យដំណើរការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ កាន់តែមានភាពងាយស្រួលជាងមុន ៕
