សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណកាលពីថ្ងៃពុធបានច្រានចោល លើផែនការណាមួយក្នុងការផ្តល់យន្តហោះចម្បាំង MiG ដល់ប្រទេសអ៊ុយក្រែន ទោះបីឆ្លងកាត់ប្រទេសទីពីរក៏ដោយ ដោយចាត់ទុកថាជាការប្រថុយដែលមានហានិភ័យខ្ពស់ នឹងមិនផ្លាស់ប្ដូរប្រសិទ្ធភាពរបស់កងទ័ពអាកាសអ៊ុយក្រែន។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បាននិយាយជាមួយសមភាគីប៉ូឡូញកាលពីថ្ងៃពុធ ហើយបានប្រាប់អំពីការវាយតម្លៃរបស់សហរដ្ឋអាមេរិក។ លោកនិយាយថា សហរដ្ឋអាមេរិកកំពុងស្វែងរកជម្រើសផ្សេងទៀត ដែលនឹងផ្តល់នូវតម្រូវការផ្នែកយោធាសំខាន់ៗបន្ថែមទៀតដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធអាវុធប្រឆាំងរថពាសដែក។ ប្រទេសប៉ូឡូញបាននិយាយថា ខ្លួនបានត្រៀមដើម្បីប្រគល់យន្តហោះ MiG-29 ទៅឱ្យអង្គការ NATO ដែលបន្ទាប់មកអាចត្រូវបានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែលោក Kirby និយាយថា អង្គភាពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានសន្និដ្ឋានថា វាអាចត្រូវបានចាត់ទុកថាជាការកើនឡើងជម្លោះ និងបង្កឱ្យមានប្រតិកម្មខ្លាំងរបស់រុស្ស៊ី។
ការលើកឡើងរបស់លោក Kirby ពេលនេះបានហួសពីសេចក្ដីថ្លែងការណ៍មួយរបស់លោកកាលពីថ្ងៃអង្គារ ដោយបានច្រានចោលការផ្តល់យន្តហោះចម្បាំងរបស់ប៉ូឡូញ ដល់សហរដ្ឋអាមេរិកសម្រាប់ការផ្ទេរទៅឲ្យប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា ប្រទេសនីមួយៗរបស់អង្គការ NATO អាចសម្រេចចិត្តដោយខ្លួនឯងលើជំនួយអ្វីដែលត្រូវផ្តល់ដល់អ៊ុយក្រែន ប៉ុន្តែវាមានសំនួរថា តើប្រទេសណាមួយនឹងផ្តល់យន្តហោះចម្បាំង ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិក៕
អត្ថបទ៖ ប៊ុនថន