
បឹង Balaton នៅក្នុងប្រទេសហុងគ្រី បានកកក្នុងជម្រៅល្មមគ្រប់គ្រាន់សម្រាប់សុវត្ថិភាពជិះស្បែកជើងរអិល ជាការផ្តល់ភាពសប្បាយរីករាយដល់អ្នកស្រុក ។
ក្រុមអាជ្ញាធរនិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សីតុណ្ហភាពក្រោមសូន្យរយៈពេលច្រើនថ្ងៃ បានធ្វើឲ្យទឹកកកកាន់តែក្រាស់ នៅផ្នែកខាងត្បូងនៃមាត់បឹង Balaton ។
នគរបាលនិយាយថា ទឹកកកនៅផ្នែកខាងត្បូងមាត់បឹង Balaton បានកកក្នុងជម្រៅ១២-១៥សង់ទីម៉ែត្រ ដែលវាជាកម្រិតសុវត្ថិភាពអតិបរមា សម្រាប់ការជាន់លើទឹកកកធម្មជាតិ ។
បឹង Balaton បានកកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលជាការកកលើកដំបូងក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ។ បឹង Balaton គឺជាបឹងធំបំផុតនៅអឺរ៉ុបកណ្តាល និងស្ថិតនៅក្នុងចំណោមបឹងទឹកសាបធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីព្រមានថា ស្ថានភាពនៅមិនទាន់ស្មើគ្នានោះទេនៅទូទាំងមាត់បឹង ។ នៅផ្នែកខាងជើងនៃមាត់បឹង កម្រាស់ទឹកកកមានចន្លោះ ៨សង់ទីម៉ែត្រ និង ១២សង់ទីម៉ែទ្រ ប៉ុណ្ណោះ ដែលនគរបាលចាត់ទុកថាផ្ទៃបឹងនៅមានគ្រោះថ្នាក់ ។
ក្រុមអាជ្ញាធរ បានធ្វើការសង្កត់ធ្ងន់ថា ការជិះស្បែកជើងរអិលអនុញ្ញាតតែចម្ងាយ ៥០-៧០ម៉ែត្រប៉ុណ្ណោះ ចូលទៅក្នុងផ្នែកខាងត្បូងរបស់មាត់បឹង Balaton នៅតំបន់ទឹកកករាក់ ជាទីដែលការចូលជួយសង្រ្គោះងាយស្រួល ។
នគរបាល បានណែនាំមិនឲ្យពលរដ្ឋទៅផ្នែកជ្រៅនៃមាត់បឹងនោះទេ ជាទីដែលស្នាមប្រេះ បន្តធ្វើឲ្យអន្តរាយដល់រចនាសម្ព័ន្ធទឹកកក ៕