ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះចតដោយសុវត្ថិភាពលើយន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាសរួម Andrews ជិតទីក្រុងវ៉ាស៊ីនតោន ដើម្បីប្តូរយន្តហោះថ្មី នៅយប់ថ្ងៃអង្គារ បន្ទាប់ពីបុគ្គលិកនៅលើជើងហោះហើរដំបូងរបស់លោក បានរកឃើញនូវអ្វីដែលសេតវិមានហៅថា "បញ្ហាអគ្គិសនីដ៏តូចតាច" មិនយូរប៉ុន្មានបន្ទាប់ពីការហោះឡើង។

បន្ទាប់ពីយន្តហោះប៊ូអ៊ីង ធុន ៧៤៧ នោះបានចុះចត ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងដាវ៉ូស ក៏បានបន្តទៅមុខជាធម្មតា ដោយប្រើយន្តហោះប៊ូអ៊ីង ធុន ៧៥៧ ខ្នាតតូចជាងគ្រឿង ជំនួសវិញ ដែលបានចេញដំណើរភ្លាមៗបន្ទាប់ពីម៉ោងក្នុងស្រុកពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធ (២១ មករា) នេះ ពោលគឺ រយៈពេលជាងពីរម៉ោងបន្ទាប់ពីយន្តហោះដំបូង បានហោះឡើង។

លោក ត្រាំ កំពុងធ្វើដំណើរដើម្បីទៅចូលរួមជាមួយមេដឹកនាំពិភពលោកដទៃទៀត នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ឧប្បត្តិហេតុសុវត្ថិភាពផ្លូវអាកាស ដែលពាក់ព័ន្ធនឹងប្រធានាធិបតី ឬអនុប្រធានាធិបតីសហរដ្ឋអាមេរិក គឺកម្រមានណាស់ ប៉ុន្តែក៏មិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកនោះដែរ។
ក្នុងឆ្នាំ២០១១ យន្តហោះ Air Force One បានផ្អាកការចុះចតដោយសារអាកាសធាតុអាក្រក់ ខណៈពេលដែលកំពុងដឹកលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Connecticut។ នៅឆ្នាំ២០១២ យន្តហោះ Air Force Two ដែលដឹកលោកអនុប្រធានាធិបតី ចូ បៃដិន ត្រូវបានសត្វស្លាបបុកចូលម៉ាស៊ីន នៅរដ្ឋ California ប៉ុន្តែបានចុះចតដោយពុំមានបញ្ហាអ្វីនោះទេ៕
