ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចពន្យារកាលបរិច្ឆេទ នៃការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំបន្ថែមទៀត ដើម្បីទុកពេលវេលាឲ្យក្រុមហ៊ុន ឬសហគ្រាសដែលជាប់ពន្ធលើចំណេញមូលធន មានឱកាសស្តារអាជីវកម្មឡើងវិញ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។
ជុំវិញការពន្យាអនុវត្តពន្ធលើចំណេញមូលធននេះ, លោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 បានថ្លែងនូវការសាទរ ដែលនេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទុកឱកាសឲ្យក្រុមហ៊ុន ឬសហគ្រាសដែលជាប់ពន្ធលើចំណេញមូលធន ជាពិសេសក្រុមហ៊ុនដែលរកស៊ីទទួលទានក្នុងវិស័យអចលទ្រព្យ ដែលរងផលប៉ះពាល់នៃជម្ងឺកូវីដ ១៩ នេះ អាចស្តារអាជីវកម្មឡើងវិញ។
ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជាកើនឡើងយឺត និងការរំពឹងទុកនៃចំណូលបានមកពីវិស័យអចលនទ្រព្យនេះនៅមានកម្រិត ប៉ុន្តែការរពន្យាពេលនេះ ជាការលើកទឹកចិត្តឲ្យចលនាសេដ្ឋកិច្ចដំណើរឡើងវិញ។
សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២០ កន្លងមកនេះ ក្រសួងសេដ្ឋកិច្ច និងហិរវត្ថុ ចេញប្រកាសស្តីពីពន្ធលើចំណេញមូលធន ដោយមានគោលបំណងដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន ដោយមានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធ ដែលទទួលបានចំណេញមូលធនដូចជា៖ វិស័យអចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេសជាដើម ក្នុងអត្រាថេរ ២០ភាគរយ ចំពោះពន្ធចំណេញមូលធន៕អត្ថបទ៖ សុន រ៉ាឌី