ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី និងជាបេសកជនពិសេសសម្រាប់ប្រទេសស៊ីរី លោក Tom Barrack បាននិយាយថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនលែងជឿថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) របស់សម្ព័ន្ធមិត្តឃើដ គួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) នៅក្នុងប្រទេសនេះទៀតហើយ។ សហរដ្ឋអាមេរិក មិនស្វែងរកការរក្សាវត្តមានយោធារយៈពេលវែង នៅក្នុងប្រទេសស៊ីរីទេ។

អ្នកការទូតរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ X របស់ខ្លួនថា៖«សហរដ្ឋអា មេរិក មិនមានចំណាប់អារម្មណ៍លើវត្តមានយោធារយៈពេលយូរទេ ដោយផ្តល់អាទិភាពដល់ការកម្ចាត់សមាជិក ISIS ដែលនៅសេសសល់ គាំទ្រការផ្សះផ្សា និងជំរុញឯកភាពជាតិ ដោយមិនគាំទ្រការបំបែកខ្លួន ឬសហព័ន្ធនិយមឡើយ»។

លោក Barrack បានបន្ថែមថា ការផ្លាស់ប្តូរស្ថានភាពនៅក្នុងប្រទេសស៊ីរី បានប៉ះពាល់ដល់ «ហេតុផលសម្រាប់ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី( SDF)។ យោងតាមបេសកជនរូបនេះ គោលបំណងដើមរបស់ SDF ជាកម្លាំងប្រឆាំងនឹងក្រុម ISIS ជាចម្បង បានផុតកំណត់ហើយ ដោយសារទីក្រុងដាម៉ាសឥឡូវនេះ មានឆន្ទៈ និងមានជំហរក្នុងការទទួលយកការទទួលខុសត្រូវសន្តិសុខ រួមទាំងការគ្រប់គ្រងមន្ទីរឃុំឃាំង និងជំរំរបស់ក្រុម ISIS។
លោកក៏បានបញ្ចេញមតិផងដែរថា គោលនយោបាយរបស់ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa «បង្កើតឱកាសពិសេសមួយសម្រាប់ជនជាតិឃើដ»។ យោងតាមលោក Barrack «ពេលនេះ ផ្តល់នូវមាគ៌ាមួយឆ្ពោះទៅរកការធ្វើសមាហរណកម្មពេញលេញទៅក្នុងរដ្ឋស៊ីរី ដែលរួបរួមគ្នាជាមួយនឹងសិទ្ធិពលរដ្ឋ ការការពារវប្បធម៌ និងការចូលរួមនយោបាយ»។ អ្នកការទូតរូបនេះ បានធានាថា សហរដ្ឋអាមេរិកកំពុងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធរវាង SDF និងទីក្រុងដាម៉ាស៕