ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃពុធ (ទី២១ ខែមករា ឆ្នាំ២០២៦) នេះ បានលើកឡើងថា កូរ៉េខាងជើងកំពុងផលិតបានសារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ ក្នុងមួយឆ្នាំ សម្រាប់អាវុធដល់ទៅ ២០គ្រាប់ ដោយបានព្រមានថា មហិច្ឆតារបស់ទីក្រុងព្យុងយ៉ាង អាចបង្កគ្រោះថ្នាក់ដល់ពិភពលោក។
នៅក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានប្រាប់អ្នកសារព័ត៌មានថា៖ «សូម្បីតែពេលឥឡូវនេះ សារធាតុនុយក្លេអ៊ែរគ្រប់គ្រាន់ ដើម្បីផលិតបានអាវុធនុយក្លេអ៊ែរចំនួនចន្លោះពី ១០ ទៅ ២០គ្រាប់ ក្នុងមួយឆ្នាំ នៅតែត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េខាងជើង»។ លោក Lee បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ កូរ៉េខាងជើងកំពុងបន្តធ្វើឲ្យប្រសើរឡើង ចំពោះបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយរបស់ខ្លួន ដែលមានគោលបំណងវាយប្រហារដល់ដីគោករបស់សហរដ្ឋអាមេរិក។

ដោយសំដៅទៅលើមីស៊ីលបាលីស្ទិកអន្តរទ្វីប មេដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖ «នៅចំណុចណាមួយនោះ កូរ៉េខាងជើងនឹងទទួលបាននូវឃ្លាំងអាវុធនុយក្លេអ៊ែរដែលខ្លួនជឿថា ខ្លួនត្រូវការ ដើម្បីទ្រទ្រង់របបនេះ រួមជាមួយនឹងសមត្ថភាពមីស៊ីល ICBM ដែលអាចគំរាមកំហែង មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលទៀតផង»។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្តបរមាណូលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០០៦ ដោយរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ហើយឥឡូវនេះត្រូវបានគេជឿថា មានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់។
ទីក្រុងព្យុងយ៉ាងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានអះអាងពីសុចរិតភាព សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ដោយបានផ្ដល់ហេតុផលថា ជាការរារាំងប្រឆាំងនឹងកិច្ចប្រឹងប្រែងផ្លាស់ប្តូររបប ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះ៕

