ប្រជាជននៅក្នុងទីក្រុងមួយនៅរដ្ឋ Western Australia (WA) ប្រទេសអូស្ត្រាលី ត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់នៅរសៀលថ្ងៃពុធនេះ ដោយសារតែចំហេះព្រៃគំរាមកំហែងដល់អាយុជីវិត។ ការព្រមានបន្ទាន់ដែលចេញដោយក្រសួងពន្លត់អគ្គិភ័យនិងអង្គភាពសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ Western Australia (WA) ក្រោយម៉ោង២រសៀលម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ បាននិយាយថា ប្រជាជននៅភាគខាងត្បូងទីក្រុង Collie ចម្ងាយប្រហែល១៦០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Perth ស្ថិតក្នុងគ្រោះថ្នាក់ ហើយត្រូវមានចំណាត់ការបន្ទាន់ដើម្បីសង្គ្រោះជីវិត។

ការព្រមាននិយាយថា ចំហេះព្រៃដែលត្រូវបានរាយការណ៍ដំបូងនៅម៉ោងប្រហែល១រសៀលម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ បង្កការគំរាមកំហែងដល់អាយុជីវិតនិងលំនៅឋាន។ ប្រជាជននៅក្នុងតំបន់នេះ ត្រូវបានបញ្ជាឱ្យចាកចេញទៅភាគខាងជើង ប្រសិនបើវាមានសុវត្ថិភាពក្នុងការជម្លៀស។ អ្នកដែលមិនអាចចាកចេញបាន ត្រូវបានប្រាប់ឱ្យត្រៀមខ្លួនស្វែងរកទីជម្រកក្នុងបន្ទប់ដែលមានទឹកម៉ាស៊ីន និងច្រកចេញច្បាស់លាស់។
ស្ថានីយអាកាសធាតុរបស់ការិយាល័យឧតុនិយមនៅទីក្រុង East Collie បានកត់ត្រាសីតុណ្ហភាពអតិបរមា ៣៦,៨អង្សាសេនៅថ្ងៃពុធនេះ។ ទីក្រុង Collie មានប្រជាជនចំនួន៨.៨១២នាក់នៅពេលធ្វើជំរឿនជាតិចុងក្រោយក្នុងឆ្នាំ២០២១។
