រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានព្រមានសហរដ្ឋអាមេរិកថា ទីក្រុងតេអេរ៉ង់នឹងបាញ់តបជាមួយអ្វីៗដែលពួកយើងមាន បើសិនជាពួកយើងរងការវាយប្រហារជាថ្មីម្តងទៀត រយៈពេល ១ថ្ងៃក្រោយលោកប្រធានាធិបតី Donald Trump បញ្ជាក់ឡើងវិញពីការគំរាមកំហែងប្រឆាំងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ។
ការព្រមានរបស់លោក Araghchi បានកើតមាននៅក្នុងអត្ថបទបញ្ចេញមតិចុះផ្សាយដោយកាសែត Wall Street Journal កាលពីថ្ងៃអង្គារ ។
លោកបានសរសេរដោយសំដៅលើសង្រ្គាមរយៈពេល ១២ថ្ងៃបង្កឡើងដោយអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែមិថុនា ឆ្នាំមុនថា កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ពួកយើង គ្មានការស្ទាក់ស្ទើនោះទេក្នុងការបាញ់តបជាមួយអ្វីៗដែលពួកយើងមាន បើសិនជាពួកយើងរងការវាយប្រហារជាថ្មីម្តងទៀត ។

រដ្ឋមន្រ្តីការបរទេសរូបនេះ និយាយជំទាស់ថា នេះមិនមែនជាការគំរាមកំហែងនោះទេ ប៉ុន្តែការពិតដែលលោកយល់ លោកត្រូវការបង្ហាញយ៉ាងច្បាស់ ក្នុងនាមជាមន្រ្តីការទូត និងអតីតយុទ្ធជនម្នាក់ លោកមិនចូលចិត្តសង្រ្គាមនោះទេ ។
លោក Araghchi បន្តថា ការប្រឈមដាក់គ្នាពេញបន្ទុកច្បាស់ណាស់ថា សាហាវ និងអូសបន្លាយពេលយូរជាងពេលដែលអ៊ីស្រាអែល និងក្រុមតំណាងរបស់ពួកគេ ព្យាយាមផ្សព្វផ្សាយដល់សេតវិមាន ។ ច្បាស់ណាស់ថា វានឹងហ៊ុមព័ទ្ធតំបន់ធំទូលាយ និងមានផលប៉ះពាល់ដល់ពលរដ្ឋសាមញ្ញនៅជុំវិញសាកលលោក ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួន ជាការរំពឹងទុកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ។ មន្រ្តីការទូតមកពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសមកពីបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ បានបញ្ចុះបញ្ចូលលោក Trump ថាមិនត្រូវវាយប្រហារនោះទេ ៕
