បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់ Leicester City, Jamie Vardy នឹងត្រូវអវត្តមានពីទីលានរយៈពេល ២ ទៅ ៣សប្ដាហ៍ទៀតដោយសាររបួសជង្គង់ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Brendan Rodgers។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់កាលពីថ្ងៃសៅរ៍នៅពេល Leicester City យកឈ្នះ Leeds United ១-០។

អតីតខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានបង្ហាញខ្លួនប្រកួតដំបូងប៉ុណ្ណោះ ក្រោយអវត្តមានជាង ២ខែមកហើយដោយសារបញ្ហាសរសៃពួរ។ Jamie Vardy គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេមួយរូបរបស់ Leicester City ខណៈរដូវកាលនេះរកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ប្រកួត។ ក្រៅពី Jamie Vardy, Leicester City នៅសល់កីឡាករផ្សេងទៀតដែលមិនមានរបួសដូចជា Patson Daka, Kelechi Iheanacho, Ademola Lookman និង Ayoze Perez៕
អត្ថបទ៖នាង សុភាវុធ