រដូវរងាបាននាំមកជាមួយព្រិលធ្លាក់ខ្លាំងនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយនិងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូននៅចិន និងជប៉ុន ។
នៅឧបទ្វីប Kamchatka មានព្រិលច្រើនបំផុតក្នុងរយៈពេល ៦០ឆ្នាំ បង្កើតជាកម្រាស់ព្រិលជាច្រើនម៉ែត្រដែលបិទច្រកចូលក្នុងអគារលំនៅដ្ឋាន និងកប់ពន្លិចរថយន្តជាច្រើនគ្រឿង ។
យោងតាមការអះអាងរបស់ស្ថានីយតាមដានឧតុនិយម បានឲ្យដឹងថា នៅតាមតំបន់ខ្លះ ព្រិលកម្រាស់ជាង ២ម៉ែត្រ បានធ្លាក់ រយៈពេលកន្លះខែដំបូងក្នុងខែមករានេះ ក្រោយព្រិលធ្លាក់កម្រាស់ ៣,៧ម៉ែត្រនៅពីខែធ្នូ ។ រូបថតសន្លឹកពីទីភ្នាក់ងារព័ត៌មានរ៉យទ័រឃើញ រថយន្តត្រូវបានកប់ពន្លិចទាំងស្រុងនៅក្នុងព្រិលកម្រាស់ច្រើនម៉ែត្រ ។ អ្នកស្រុកត្រូវបានគេមើលឃើញជីកផ្លូវចូលទៅក្នុងអគារផ្ទះល្វែងរបស់ពួកគេ ។
លោកសាស្រ្តាចារ្យ Jos Lelieveld គឺជាអ្នកជំនាញរូបវិទ្យាបរិយាកាស និយាយថា អាកាសធាតុខុសប្រក្រតីនេះ មានទំនាក់ទំនងនឹងខ្យល់អស្ថិរភាព និងបោកបក់ខ្លាំងដែលនាំឲ្យខ្យល់អាក់ទិកធ្វើដំណើរកាន់តែឆ្ងាយទៅកាន់តំបន់ភាគខាងត្បូង ខុសពីធម្មតា ។

លោក Lelieveld និយាយថា ព្រិលធ្លាក់ក្នុងរដូវរងា គឺជារឿងធម្មតាទេ ប៉ុន្តែខ្យល់អាក់ទិកបក់កាន់តែឆ្ងាយទៅកាន់តំបន់ភាគខាងត្បូង នឹងធ្វើឲ្យវាខុសប្រក្រតីខ្លាំងជាងមុន ហើយការកើតឡើងអាកាសធាតុត្រជាក់ញឹកញាប់ ក៏កាន់តែខុសប្រក្រតីដែរ ។
រលកត្រជាក់ពីរុស្ស៊ី បានបោកបក់ឆ្ពោះទៅកាន់ភាគខាងត្បូងចូលទៅក្នុងប្រទេសចិនផងដែរ ។ វាបានធ្វើឲ្យមានព្រិលធ្លាក់ដ៏កម្រមួយនៅទីក្រុងសៀងហៃ ពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ បានមើលឃើញព្រិលធ្លាក់លើកចុងក្រោយកាលពីដើមឆ្នាំ ២០១៨ ។
ក្រុមមន្រ្តីនិយាយថា ស្ថានភាពអាកាសធាតុត្រជាក់ដល់កកបែបនេះ នឹងបន្តរយៈពេលយ៉ាងហោច ៣ថ្ងៃទៀត ៕
