បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បានប្រាប់ឲ្យដឹងថា លោកនឹងធ្វើដំណើរជាមួយកូនប្រសាររបស់មេដឹកនាំអាមេរិក គឺលោក Jared Kushner ទៅកាន់ទីក្រុងមូស្គូ នាថ្ងៃព្រហស្បតិ៍ (ទី២២ ខែមករា ឆ្នាំ២០២៦) ហើយពួកលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
ដោយសំដៅទៅលើលោក Putin លោក Witkoff បានប្រាប់ទូរទស្សន៍ CNBC ក្នុងបទសម្ភាសន៍មួយថា៖ «មែនហើយ យើងត្រូវទៅជួបគាត់ នៅថ្ងៃព្រហស្បតិ៍»។ លោកបានបន្ថែមថា៖ «ប៉ុន្តែគឺភាគីរុស្ស៊ីទេ ដែលកំពុងស្នើឲ្យមានកិច្ចប្រជុំនោះ។ ខ្ញុំគិតថា នោះជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ នៅខាងពួកគេ»។

វិមានក្រឹមឡាំងបានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំស្វាគមន៍ លោក Witkoff និងលោក Jared Kushner ដែលធ្វើដំណើរមកកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចចរចាសន្តិភាព ស្ដីពីបញ្ហាអ៊ុយក្រែន ប៉ុន្តែមិនមានកាលបរិច្ឆេទ ត្រូវបានកំណត់នោះឡើយ។ នៅពេលត្រូវបានសួរថា តើលោក Putin នឹងចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ដែរ ឬទេ លោក Witkoff បានឆ្លើយតបថា «ខ្ញុំគិតថា ដូច្នេះ» ហើយបានបញ្ជាក់ជាថ្មីថា ការអញ្ជើញឲ្យចូលរួមនេះ ត្រូវបានផ្តល់ជូនទៅលោក Putin។
ចំណែកលោក Rustem Umerov ដែលជាអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយកាលពីសប្តាហ៍មុនថា ការចរចាជាមួយមន្ត្រីអាមេរិក ជុំវិញដំណោះស្រាយលើសង្គ្រាមជិត ៤ឆ្នាំ ជាមួយរុស្ស៊ី នឹងបន្តមាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នាសប្តាហ៍នេះ ក្នុងទីក្រុង Davos ប្រទេសស្វីស៕
